(ភ្នំពេញ)៖ ជាការពិត លោក សោម ដូរ៉េ គឺជាអ្នកនិពន្ធល្បីឈ្មោះមួយរូប ដែលបានផលិតនូវស្នាដៃចម្រៀងជាច្រើន ក្នុងផលិតកម្មហង្សមាស តែយ៉ាងណា មួយរយៈពេលចុងក្រោយនេះ លោកបានសម្រេចចិត្តចាកចេញពីហង្សមាសជាផ្លូវការហើយ និងត្រឡប់មកធ្វើការឱ្យផលិតកម្មថោនវិញម្តង។ ការប្រឡប់មកថោនជាលើកទី២នេះ លោក សោម ដូរ៉េ ទទួលបានតំណែង ជាប្រធានគ្រប់គ្រងគម្រោងផលិតចម្រៀងអូឌីយូ ដែលនេះអាចនិយាយបានថា លោកមានឱកាសអភិវឌ្ឍន៍ខ្លួនបានច្រើន ជាងសំងំនៅហង្សមាស។ ជាមួយនឹងការចាកចេញនេះផងដែរ លោក សោម ដូរ៉េ បានសំណូមពរដល់ផលិតកម្មហង្សមាសថា «សុំដាក់ឈ្មោះរបស់លោក ក្នុងចម្រៀងដែលជាស្នាដៃនិពន្ធរបស់លោក ដោយមិនបំបិទឈ្មោះលោក ដាក់ឈ្មោះអ្នកផ្សេង ព្រោះតែស្តាយស្នាដៃ ដែលខំនិពន្ធ។»

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ កវីនិពន្ធវ័យក្មេង លោក សោម ដូរ៉េ បានឱ្យដឹងថា លោកសង្ឃឹមថាខាងផលិតកម្មហង្សមាស នឹងឱ្យតម្លៃលោក តាមរយៈការដាក់ឈ្មោះ ក្នុងបទចម្រៀង ដែលជាស្នាដៃនិពន្ធរបស់លោក បើទោះបីជាពេលនេះ លោកនៅផលិតកម្មថោនក៏ដោយ ព្រោះមុននឹងចាកចេញពីហង្សមាស លោកបានបន្សុលនៅស្នាដៃចម្រៀងជាច្រើន ដែលផលិតទុក ព្រមទាំងខ្សែភាពយន្តមួយទៀតផង។ លោកថា បើតាមការសង្កេតស្នាដៃចម្រៀងដែលលោកនិពន្ធ ផលិតកម្មបានចេញបណ្តើរៗហើយ តែបញ្ហាត្រង់ថា មួយរយៈចុងក្រោយនេះ ខាងផលិតកម្មបានដូរឈ្មោះអ្នកនិពន្ធ ដោយមិនដាក់ឈ្មោះលោកនោះទេ ខណៈចម្រៀងនោះជាស្នាដៃនិពន្ធរបស់លោក។

លោក សោម ដូរ៉េ បានប្រាប់ពីហេតុផលនៃការប្តូរពីផលិកម្មថា ការប្តូរពីហង្សមាស មកផលិតកម្មថោន គឺមិនមែនដោយសារមានទំនាស់ ឬមានបញ្ហាអ្វីនោះទេ អ្វីដែលសំខាន់ លោកចង់អភិវឌ្ឍន៍ជំនាញខ្លួនឯង ដោយបន្ថែមអាជីពផ្សេងទៀត ក្រៅពីធ្វើជាអ្នកនិពន្ធ ខណៈការចូលមកថោន លោកមានឪកាសជាច្រើន ដោយទទួលបានតំណែកធំ ជាអ្នកគ្រប់គ្រងគម្រោងផលិតចម្រៀងអូឌីយូ និងការថតចេញពីអូឌីយូ ទៅជាចម្រៀង MV ព្រមទាំងជំនាញសំខាន់ៗផ្សេងទៀតជាដើម។

ជាមួយគ្នានេះ កវីសោម ដូរ៉េ បានសង្កត់ធ្ងន់ថា ចំពោះបរិបទនេះការងារ រវាងផលិតកម្មទាំងពីរ មានលក្ខណៈខុសគ្នាជាច្រើន ដោយខាងហង្សមាសឪកាសការងារមានច្រើនដែរ ប៉ុន្តែពិបាកនិងមិនរលូន ខណៈអ្នកនិពន្ធក៏ច្រើន និងតារាក៏ច្រើន ខណៈនៅថោន ទោះវាភាពលំបាកដូចគ្នា តែបរិបទការងារ គឺងាយស្រួលដល់លោកក្នុងការធ្វើការ ព្រោះអ្នកចម្រៀងមានមិនច្រើនពេក ហើយការចាត់ចែងក៏រលូន។

គួរជម្រាប់ថា សម្រាប់ឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ លោកសោម ដូរ៉េ មានស្នាដៃនិពន្ធបទចម្រៀងជាច្រើន សម្រាប់អបអររដូវបុណ្យចូលឆ្នាំខ្មែរ២០១៩ ដោយក្នុងនោះមានចំនួនជិត ៣០បទ ខណៈនៅផលិតកម្មរស្មីហង្សមាសជាង ៨បទ បទ​ប្រពៃណីយ៍១បទ និងបទញាក់៧បទ និងនៅផលិតកម្មថោនជាង២០បទ បទញាក់១បទ បទប្រពៃណីជាង១៨បទ៕