(ភ្នំពេញ)៖ ការវិលត្រឡប់មកមាតុភូមិលើកនេះ ពីសំណាក់លោកស្រី តាត គឹមលន ដែលត្រូវជាភរិយារបស់កវីម្ចាស់​ស្ទឹងសង្កែ គង្គ ប៊ុ​ន​ឈឿន គឺមិនត្រឹមតែក្នុងគោលបំណង មកលេងកូនចៅនៅស្រុកកំណើត និងដើម្បីប្រារព្ធពិធីបុណ្យខួបគំរប់៣ឆ្នាំ​របស់កវី គង្គ ប៊ុនឈឿននោះទេ គឺដើម្បីប្រមូលរាល់ឯកសារចម្រៀង ដែលជាស្នាដៃរបស់ស្វាមីទាំងអស់ ដើម្បីចាត់ចែង និងបញ្ចូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីប្តឹង និងប្រមានរាល់អ្នកនិពន្ធជំនាន់ក្រោយ ដែលតែងតែលួចចម្លងស្នាដៃចាស់ ដោយគ្មានការអនុញ្ញាត ដែលសកម្មភាពនេះប្រៀបបានមិនឱ្យតម្លៃស្នាដៃកវីជើងចាស់តែម្តង។

ពាក់ព័ន្ធនឹងរឿងនេះ លោកស្រី តាក គឹមលន បានថ្លែងប្រាប់ Fresh News និង Khmer Talknig ថា ទង្វើរលួចចម្លងនេះ បើដោះស្រាយ គ្រាន់តែចេញមកសុំទោស បែបប្រយោល លោកស្រីមិនអាចទទួលយកបានទេ ​ដូច្នេះដើម្បីឱ្យអស់ចិត្ត អ្នកដែលធ្វើខុសត្រូវតែធ្វើការប្រមាន និងប្រមានដល់អ្នកធ្វើខុសឯទៀតឱ្យបានដូចគ្នា ព្រោះដើម្បីឱ្យអ្នកជំនាន់ក្រោយថែរក្សា។ ដោយសារតែរាល់ស្នាដៃដែលខំសរសេរ ទាំងពាក្យពេចន៍ខ្លឹមសារ មិនអាចឱ្យក្មេងៗជំនាន់ក្រោយផ្លាស់ប្តូរបានទេ ព្រោះជាគំនិតមួយ ដែលរដ្ឋបានផ្តល់សិទ្ធ ជាអ្នកនិពន្ធប្រចាំប្រទេស ដូច្នេះហើយការដែលចេះតែចម្លងផ្តេសផ្តាស គឺមិនអាចទៅរួចនោះទេ។

លោកស្រី បានសង្កតធ្ងន់ថា គោលបំណងដែលលោកស្រីចង់បានពេលនេះ គឺមិនមែនជាទឹកប្រាក់ ឬកម្រៃអ្វីពីបណ្តាផលិតកម្មដែលបានលួចចម្លងស្នាដៃកវីនោះទេ គឺដើម្បីចង់បានតម្លៃ ពោលឱ្យអ្នកនិពន្ធជំនាន់ក្រោយផ្តល់តម្លៃ រាល់កេរ្តិ៍មរកតទាំងអស់ និងចេះថែមរក្សាររាល់ស្នាដៃរបស់កវី ព្រោះដើម្បីឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់កវីដែលចែកឋានទៅ បានស្ងប់ស្រួល និងដើម្បីជាសេចក្តីថ្លៃថ្នូរសម្រាប់អ្នកនិពន្ធ។ ម្យ៉ាងវិញទៀត លោកស្រីថា​ បន្ទាប់ពីត្រឡប់មកដល់ស្រុកស្រួលបួលហើយនោះ លោកស្រីនឹងពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់មកនឹងកោះហៅរាល់អ្នកដែលលួចចម្លងទាំងអស់ ដើម្បីចាត់ចែងតាមនីតិវិធីរបស់ក្រសួងបន្តទៀត។

ងាកមក អ្នកនិពន្ធ មុត ថារី ដែលត្រូវជាកូនប្រសាររបស់លោក ស្រីតាក គឹមលន វិញ បានថ្លែងប្រាប់សារព័ត៌មានយើងបន្ថែមថា លោកមិនគាំទ្រជាដាច់ខាតចំពោះទង្វើរ នៃការលួចចម្លងស្នាដៃអ្នកដទៃ ព្រោះលោកប្រកាន់ថា បើជាអ្នកនិពន្ធត្រូវធ្វើអ្វីមួយ ដោយសេចក្តីថ្លៃថ្នូរ ត្រូវគាស់កកាយអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍន៍ការគិត។ ប៉ុន្តែបើគ្មានសមត្ថភាពបង្កើតថ្មីនោះទេ បើចម្លងអាចធ្វើការសុំសិទ្ធពីក្រសួង ឬសាមីខ្លួនជាមុន ទើបជាទង្វើរត្រឹមត្រូវ៕