(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវបានបោះឆ្នោតជ្រើសរើស​ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) អាណត្តិទី៥ ឆ្នាំ២០១៩-២០២៣ ក្នុងមហាសន្និបាតលើកទី២៦ របស់ AFF នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាបនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

លោក ខៀវ សាម៉េត កាលពីអាណត្តិមុន លោកគឺជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រធានស្ដីទីផងដែរ។ តែស្របពេល AFF រៀបចំមហាសន្និបាតឆ្នាំ២០១៩ សមាជិកទាំងអស់ក៏បានបោះឆ្នោតគាំទ្រលោក ខៀវ សាម៉េត ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហើយនេះក៏ជាលើកដំបូងផងដែរ ដែល AFF មានថ្នាក់ដឹកនាំជនជាតិខ្មែរ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យសប្តាហ៍មុន សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដោយជ្រើសរើសខេត្តសៀមរាបប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) និងតំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផងដែរ៕