(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា ផ្លូវការហើយ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 ប្រចាំពូល H នាសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

សម្រាប់បញ្ជីឈ្មោះក្រុម U23 កម្ពុជា ត្រូវបាន FFC បង្ហាញកាលពីល្ងាចមិញ គឺមានសមាជិកសរុប ២៣នាក់ ក្នុងនោះ មានកីឡាករក្លឹបវិសាខា ៨នាក់, ភ្នំពេញក្រោន ៦នាក់, បឹងកេត ៤នាក់, ក្រសួងការពារជាតិ ២នាក់, ព្រះខ័នរាជស្វាយ រៀង ១នាក់, អង្គរថាយហ្គឺរ ១នាក់ និងសាលាបាល់ទាត់ជាតិបាទី ១នាក់។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺសមាជិករបស់ក្រុម U23 កម្ពុជា ក៏មិនខុសពីក្រុម U22 កម្ពុជាដែរ ដោយលោក Felix រក្សាកីឡាករនៅដដែលស្ទើរ ១០០% លើកលែងតែកីឡាករ កាន់ ពិសាល ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសមក ជំនួសកៅអីកីឡាករ ម៉ាត់ សាក់រូវី ដែលរងរបួសអំឡុងពេលជួយក្រុម U22 កម្ពុជា ក្នុងពាន AFF U22 Championship កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា ចំពោះការប្រកួតពានរង្វាន់ AFC U23 Championship 2020 ដែលកម្ពុជា ទទួលបានសិទ្ធិម្ចាស់ផ្ទះវគ្គជម្រុះពូល H គឺមាន ៤ក្រុមចូលរួម រួមមានកម្ពុជា អូស្ដ្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ ដែលត្រូវចាប់ផ្ដើមប្រកួតពីថ្ងៃទី២២-២៦ ខែមីនាសប្ដាហ៍ក្រោយ ស្របពេលប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជួបក្រុម U23 អូស្ដ្រាលីមុនគេ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕