(ភ្នំពេញ)៖ តារាសម្តែងស្រីមានដើមកំណើតមកពីទឹកដីខេត្តព្រះវិហារ កញ្ញា ដេននី ក្វាន់ រហូតមកទល់ពេលនេះសកម្មភាពមនុស្សធម៌ជួយសង្គម តាមរយៈការចុះចែកអំណោយ និងសេចក្តីស្រលាញ់ជូនដល់ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និង កុមារនៅតាមសហគមមួយចំនួន នៅតែបន្តលេចធ្លោ ហើយទទួលបានការគាំទ្រនិងលើកសរសើរពីសំណាក់មហាជន។

កញ្ញា ដេននី ក្វាន់ ដែលត្រូវបានអ្នកគាំទ្រដាក់ងារជា រាជ្ជនីយចិត្តធម៌ ទោះជាពេលខ្លះនៅតែបង្ហាញភាពម្តងម្កាល ដោយទទួលបានការរិះគន់ខ្លះៗ និងគាំទ្រខ្លះអ្នកតាមដានកក៏ដោយ តែគិតមកទល់ពេលនេះសកម្មភាពការងារមនុស្សធម៌របស់នាង បានបន្តចុះជួយដល់ប្រជាពលរដ្ឋជាច្រើនខេត្តមកហើយ ខណៈដែលនាងក៏បានប្រកាសបង្ហាញពីឆន្ទៈរបស់ខ្លួននាពេលកន្លងមកថា នាងនឹងបន្តនូវសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ ដោយហេតុថានេះជាការស្រលាញ់ និងផ្តល់ការលើកទឹកចិត្តដល់ពួកគាត់។

ស្របពេលជាមួយគ្នានេះដែរកាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៩ ម្សិលមិញតារាស្រីរូបស្រស់កញ្ញា ដេននី ក្វាន់ បានបង្ហាញសកម្មភាពមនុស្សធម៌ ដោយនាំយកគ្រឿងបរិភោគ និងអំណោយមួយចំនួនចុះទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ៤គ្រួសារ ស្ថិតនៅទីតំបន់ដាច់ស្រយ៉ាលនៃខត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះនាងក៏បានប្រកាសអំពាវនាវឲ្យបុគ្គល ដែលមានទ្រព្យធន់ចូលរួនធ្វើសកម្មភាពមនុស្សធម៌នេះផងដែរ។

តារាស្រីកញ្ញា ដេននី ក្វាន់បានរៀបរាប់ឲ្យដឹងថា ថ្ងៃនេះនាងខ្ញុំបានយកអំណោយមួយចំនួនតូច ជូនលោកយាយ និងអ្នកមីងចំនួន ៤គ្រួសារ រស់នៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នាងខ្ញុំពិតជារីករាយនឹងជ្រះថ្លាក្នុងចិត្តខ្លាំងណាស់...​ចង់ប្រាប់ថា ជីវិតមនុស្សយើងខ្លីណាស់កុំយកជីវិតដ៏ខ្លីមួយនេះ ទៅគិតទៅធ្វើរឿងអត់បានការដូចជា ការច្រណែនការខឹងក្រោធការឈ្នានីស ការបៀតបៀនគ្នាអ្វី។ លើសពីនេះទៅទៀតកញ្ញា ដេននី ក្វាន់ បានបញ្ជាក់បន្ថែមទៀតថា គួរតែខំប្រឹងសាងល្អ មានមេត្តាចិត្ត ចេះជួយគ្នាទៅវិញទៅមក ទើបជីវិតមានន័យ។

តាមរយៈនេះដែរបានធ្វើឲ្យទស្សនិកជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញការគាំទ្រ និងលើកសរសើរពីទឹកចិត្តរបស់តារាស្រីកញ្ញា ដេននី ក្វាន់ដោយហេតុថា នេះជាទង្វើរល្អដែលតារាប្រុស-ស្រីឯទៀតគួរយកគំរូតាម៕