(ភ្នំពេញ)៖ បន្ទាប់ពីចាប់ដៃគ្នាសាងជីវិតគ្រួសារ ជាមួយស្វាមីវ័យចំណាស់ អស់រយៈពេលជាង ១ឆ្នាំហើយនោះ អតីតតារាសម្តែងដ៏មានឈ្មោះ បោះសំឡេង ចរិយា ពេជ្រ ត្រូវបានមហាជនមើលឃើញថា នាងទទួលបាននូវសុភមង្គលយ៉ាងខ្លាំង ក្រោយមកថ្នាក់ថ្នមពីស្វាមីជាទីស្រឡាញ់។ យ៉ាងណាមិញ ថ្មីៗនេះអតីតតារាសម្តែង ចរិយា ពេជ្រ សម្រាលបានបុត្រាម្នាក់ គួរឱ្យស្រឡាញ់ និងប្រកបដោយសុខភាពល្អ ទាំងម្តាយនិងកូន។

ទន្ទឹមគ្នានឹងការទទួលបានសមាជិកថ្មីម្នាក់ក្នុងគ្រួសារ មានមិត្តៗរួមសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើន សម្តែងនូវការសាទរ ដល់ក្រុមគ្រួសាររបស់ ចរិយា ពេជ្រ អ្វីដែលពិសេសនោះ គឺស្វាមីរបស់នាង មើលទៅ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំង ពេលក្លាយជាប៉ារបស់គេ។ ជីវិតគ្រួសាររបស់ ចរិយា ពេជ្រ បានធ្វើឱ្យទស្សនិកជនមិនតិចនាក់នោះទេ លើកនូវការកោតសរសើរថា ពិតជាមានសុភមង្គលយ៉ាងប្រាកដមែន។ បើទោះបីជាមានស្វាមី និងបុត្រាម្នាក់ក្តី តែសម្រស់របស់នាង នៅតែស្រស់ស្អាតជានិច្ច ដែលធ្វើឱ្យស្វាមីនាង កាន់តែស្រឡាញ់ថ្នាក់ថ្នមនាងទ្វេរដង គួបផ្សំទាំងការបន្ថែមសមាជិកថ្មីពេលនេះ រឹងតែធ្វើឱ្យគ្រួសារនាង មានភាពកក់ក្តៅថែមទៀត។

យ៉ាងណាមិញ ក្រោយពីសម្រាលបុត្ររួច គេសង្កេតឃើញថា ទាំងម្តាយ និងទារក ពិតជាមានសុខភាពល្អ និងទទួលការមើលថែយ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងស្វាមីរបស់នាង។ ទោះយ៉ាងណា សារជូនពរពីអ្នកសិល្បៈរួមអាជីព និងពីអ្នកគាំទ្រ បានរំលេចឡើងជាហូរហែរផងដែរ៕