(កូរ៉េ)៖ នៅថ្ងៃនេះ Jung Joon Young បានបង្ហោះលិខិតសុំអភ័យទោសមួយ ដែលក្នុងនោះតារាប្រុសរូបនេះសារភាពចំពោះអ្វី ដែលខ្លួនបានធ្វើកន្លងមករហូតកើតមានរឿងដ៏ចម្រូងចម្រាស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Jung Joon Young បានបង្ហាញអារម្មណ៍សោកស្តាយចំពោះទង្វើ ដែលលោកបានប្រព្រឹត្តដោយមិនស្មានថា វាក្លាយជាបទល្មើសឡើយ។ តារាប្រុសរូបនេះបានសារភាពកំហុស បន្ទាប់ពីដឹងពីស្ថានភាពធ្ងន់ធ្ងរ នៅពេលលោកវិលត្រឡប់មកកូរ៉េវិញកាលពីថ្ងៃទី១២ ខែមីនា ហើយក៏បានសរសេរលិខិតសុំទោសទៅដល់អ្នកគាំទ្រទាំងអស់ ព្រមទាំងសុំឲ្យពួកគេផ្តល់ឱកាសដល់ រូបលោកម្តងទៀត។

តារាចម្រៀង Jung Joon Young បញ្ជាក់ថា រូបគេពិតជាបានដាក់កាមេរ៉ាលួចថតរូបស្រីៗ ដោយគ្មានការអនុញ្ញាត និងបានចែកចាយតាមបណ្តាញសង្គមថែមទៀត ដោយពេលនោះមិនគិតថា វាជាទង្វើដ៏ខុសឆ្គងទេ ប៉ុន្តែរឿងនេះក៏ប្រែជាអាក្រក់នៅពេលមនុស្សជាច្រើន បានដឹងហើយធ្វើការរិះគន់យ៉ាងខ្លាំង។

Jung Joon Young បាន ប្រកាសដកខ្លួនចេញពីការសម្តែងទាំងអស់ និងសហការក្នុងការស៊ើបអង្កេតរបស់ប៉ូលីស ជាពិសេសលោកក៏បានសុំទោសដល់អ្នករងគ្រោះទាំងឡាយ ដោយសារទង្វើរបស់លោកផងដែរ៕