(កូរ៉េ)៖ នៅថ្ងៃនេះ YG Entertainment បានធ្វើការប្រកាសជាផ្លូវការថា ភ្នាក់ងារបានបញ្ចប់កិច្ចសន្យាជាមួយ Seungri ដែលជាសមាជិកវ័យក្មេងនៃក្រុម K-pop ដ៏ល្បី BIGBANG ហើយ។

ជាមួយគ្នានេះ ភ្នាក់ងារក៏បានសុំអភ័យទោសចំពោះអ្នកគាំទ្រ និងសាធារណជនសម្រាប់រឿងរ៉ាវ ដែលកើតឡើងនៅក្លឹប Burning Sun អំឡុងពេល​ដែលវាត្រូវបានគ្រប់គ្រងដោយ Seungri ។

ការប្រកាសរបស់ YG បានធ្វើឡើង បន្ទាប់ពី Seungri ប្រាប់អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា ថាលោកនឹងចូលនិវត្តន៍ពីសិល្បៈហើយ ទើបភ្នាក់ងារព្រមទទួលយកការសម្រេចចិត្តនេះក្នុងការបញ្ចប់កិច្ចសន្យា ប៉ុន្តែ YG អះអាងថា Seungri មិនបានពិគ្រោះជាមួយពួកគេជាមុនឡើយ។

មុនសម្រេចចិត្តបញ្ចប់កិច្ចសន្យាដ៏លំបាកនេះ YG ក៏បានសុំអភ័យទោស ដែលមិនដាក់ទណ្ឌកម្មចំពោះសិល្បកររបស់ខ្លួន ប៉ុន្តែភ្នាក់ងារទទួលស្គាល់ពីភាពចាំបាច់នៃការកែទម្រង់ ដែលត្រូវធ្វើហើយសន្យាថា បុគ្គលិករបស់ YG នឹងធ្វើការរួមគ្នាឲ្យបានល្អ និងខិតខំទប់ស្កាត់សម្រាប់បញ្ហាដែលកើតមានឡើង៕