(ភ្នំពេញ)៖ តារាសម្តែងប្រុសជូរមុខរបស់ខ្មែរ ដែលល្បីល្បាញតាមរយៈភាពយន្តរឿងJAIL BREA K ស្របពេលដែលអាជីពសិល្បៈ និងសកម្មភាពមនុស្សធម៌ជួយសហគមន៍ កំពុងតែទទួលបានការគាំទ្រ និងលើកសរសើរពីមហាជន ពេលនេះក៏ស្រាប់តែមានការបង្ហើបមកថា តារាមានប្រជាប្រិយភាពរូបនេះបានបោះទុនខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីវិនិយោគលើជំនួញអចលនទ្រព្យ។ ជាក់ស្តែងបើយោងតាមការបង្ហោះភ្ជាប់ ជាមួយរូបភាពនៃការចុះកិច្ចសន្យាលើឯកសារសហការវិនិយោគ ជាមួយក្រុមហ៊ុនអចលនទ្រព្យ KSLតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថា មកចុះហត្ថលេខាលើឯកសារសហការវិនិយោគ ជាមួយក្រុមហ៊ុនអចលនទ្រព្យ KSL ។ ជួយទិញដីខ្ញុំផងបងប្អូន…។

ទន្ទឹមគ្នានេះដែរលោក សាវិន ហ្វីលីព បានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិច(ហ្វេសប៊ុក) នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ថាលោកពិតជាបានសម្រេចចំណាយទុនផ្ទាល់ខ្លួនខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីសហការវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យ KSL ពិតមែន។ខណៈដែលទីតាំងដីឡូតិ៍ដែលត្រូវបើកដំណើរពុះលក់នោះ គឺស្ថិតនៅម្តុំភ្នំបាសិតដែលមានចំនួនជាង៦៤ហិតា។

តារាសម្តែងមានប្រជាប្រិយភាពលោក សាវិន ហ្វីលីព បាននិយាយទៀតថា ដំបូងឡើយលោកនិងភរិយាបានដំណើរការក្នុងការរកស៊ីទិញ-លក់ដីឡូតិ៍នេះ មានរយៈពេល ២ ឬ ៣ឆ្នាំមកហើយដែរ តែដោយសារមើលឃើញពីភាពជោគជ័យ និងជឿជាក់លើក្រុមហ៊ុនអចលនទ្រព្យ KSL ទើបសម្រេចចិត្តបោះទុកសហការចូលរួម ដើម្បីវិនិយោគលើការងារមួយនេះ។ចំណែកឯគម្រោងយក្សដីឡូតិ៍មួយនេះនឹងចាប់ផ្តើមដំណើរការ សម្ពោធបើកលក់ផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

បន្ថែមពីលើនេះតារាសម្តែងលោក សាវិន ហ្វីលីព បានឲ្យដឹងដែរថា សម្រាប់អាជីពសិល្បៈ និងការងារមនុស្សធម៌ជួយសង្គម បច្ចុប្បន្ននៅតែបន្តដំណើរការជាធម្មតា។ ខណៈដែលថ្មីៗនេះលោកក៏បានចូលរួមបរិច្ចាគអណ្តូងស្អាតចំនួន ៤០ ដល់ប្រជាពលរដ្ឋស្ថិតនៅសហគមន៍នៃខេត្តសៀមរាបងដែរ។ លើសពីនេះលោកក៏បានបង្ហើបពីគម្រោងបរិច្ចាគអណ្តូងស្អាតបន្ថែមទៀត នាអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែររួចរាល់ ព្រោះជារដូវក្តៅ៕