(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានអាស្រូវស្នេហា រវាងតារាសម្ដែងរូបស្រស់ នៅ សូនីតា និងអ្នកដឹកនាំអ្នកផលិតកម្មវិធី ទូរទស្សន៍ដ៏ល្បី គឺលោក ទិត្យ ថារិទ្ធ ថាបានបង្កាត់ភ្លើងស្នេហ៍រួមគ្នា រហូតឈានដល់ការរស់នៅ ក្រោមដំបូលផ្ទះតែមួយអស់រយៈពេលមួយរយៈធំ ពេលនេះស្រាប់តែ នៅ សូនីតា បានធ្វើការបញ្ជាក់ថា នាងនិងលោក ទិត្យ ថាវរិទ្ធ គឺបាន រៀបការរួចរាល់ហើយ ដោយបច្ចុប្បន្ន នាងកំពុងពរពោះកូនដំបូង ដែលជាដំណក់ឈាមរួមគ្នា ទៀតផង។
អ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ តារាសម្ដែងស្រី នៅ សូនីតា បានបង្ហើបដំណឹងនេះ ឲ្យមហាជនបានដឹង ដោយនាងបានសរសេររៀបរាប់ បង្ហាញពីអារម្មណ៍ សប្បាយរីករាយ ដែលបានឈានដល់ដំណាក់កាល ធ្វើជាម្ដាយរបស់គេ និងបានបង្ហើបទៀតថា គភ៌ក្នុងផ្ទៃរបស់នាង បានឈានដល់អាយុ៤ខែ និង៨ថ្ងៃហើយ ខណៈកូនទី១របស់នាងជាមួយលោក ថាវរិទ្ធ គឺជាកូនប្រុស។
ជាមួយគ្នានេះ យោងតាមប្រភពច្បាស់ការពី អ្នកសិល្បៈដូចគ្នា បានប្រាប់ឲ្យដឹងថា កន្លងមក នៅ សូនីតា មិនបានធ្វើអ្វីខុសឆ្គង នឹងប្រពៃណីនោះទេ ព្រោះថាពួកនាងទាំងពីរ បានរៀបការតាមប្រពៃណី នឹងគ្នារួចហើយ ដោយគ្រាន់តែធ្វើមិនសូវជាធំដុំអ្វីនោះទេ គឺគ្រាន់តែត្រឹមជួបជុំសាច់ញាតិ ចាស់ទុំទាំងសងខាងដឹងឮ កុំឲ្យមេបាកាច់ ហើយមានមិត្តភ័ក្ដិជិតស្និទ្ធ តិចតួចតែប៉ុណ្ណោះចូលរួម។
គួរបញ្ជាក់ថា នៅ សូនីតា និងលោក ទិត្យ ថាវរិទ្ធ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលយូរមកហើយ ប៉ុន្តែភាគីទាំងសងខាង មិនបានចេញមុខមកបញ្ជាក់អ្វីឡើយ ពោលគឺស្ងប់ស្ងាត់តែម្ដង។ តែរហូតមកទល់ពេលនេះ គឺមានការបញ្ជាក់យ៉ាងច្បាស់ហើយថា នាង និងលោក ទិត្យ ថវារិទ្ធ គឺពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ រហូតបានរៀបការរួចរាល់ និងកំពុងពរពោះកូនប្រុសក្នុងផ្ទៃទៀតផង៕