(ភ្នំពេញ)៖ ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ រដូវកាលមុន វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានផ្ទាល់ខ្លួន ដើម្បី​ស្វាគមន៍ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្ដាហ៍ទី១ ដោយត្រូវជួបក្លឹបសូលទីឡូអង្គរ នាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា។

នេះគឺជាដំណឹងល្អមួយ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំការប្រកួតផ្លូវការនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ស្របពេលវិសាខានឹងត្រូវធ្វើការប្រកួតដំបូង នៅ​លើទឹកដីរបស់ខ្លួនជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប ហើយគ្រូបង្វឹក និងកីឡាករទាំងអស់ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ការប្រកួតបើកទំព័រជើងទី១ នេះផងដែរ។

ពាក់ព័ន្ទនឹងសំបុត្រចូលរួមទស្សនាការប្រកួតសប្ដាហ៍ទី១ វិញ ក្លឹបកីឡាបាល់ទាត់ វិសាខា នឹងដាក់លក់ផ្ទាល់ នៅកីឡដ្ឋានវិសាខា នាថ្ងៃប្រកួតតែម្ដង ដោយកីឡដ្ឋានវិសាខា មានទីតាំងស្ថិតក្នុងហ្គ្រេនភ្នំពេញ៕