(កូរ៉េ)៖ បន្ទាប់ពីព័ត៌មានចុះផ្សាយថា Seungri សមាជិកក្រុម BIGBANG ប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ត ពេលនេះ YG Entertainment បានចេញមុខបកស្រាយហើយថា ការសម្រេចចិត្តនេះធ្វើឡើងដោយរូបគេផ្ទាល់។

ប្រភពមួយពី YG បាននិយាយថា «ការប្រកាសរបស់ Seungri មិនមែនជាការសម្រេចចិត្តមួយធ្វើឡើង ដោយមានការពិភាក្សាជាមួយ YG ទេ តែនេះជាការសម្រេចចិត្តដោយខ្លួនឯង»។ ប្រភពបានបន្តទៀតថា «តារាប្រុសរូបនេះព្រួយបារម្ភ ដោយសារតែរឿងរ៉ាវចម្រូងចម្រាសបានកើតឡើង មុនពេលលោកចូលបម្រើកងទ័ព»

តាមពិតពុំមានព័ត៌មានច្បាស់លាស់ណាមួយ ត្រូវបានបង្ហាញពី Seungri ទេ ក្នុងរយៈពេលមួយខែកន្លងមកនេះ ទោះជាប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅហើយក្តី ប៉ុន្តែសមាជិកវ័យក្មេងរបស់ BIGBANG រូបនេះ មានអារម្មណ៍ថា លោកកំពុងជាប់ពិរុទ្ធភាពច្រើនជាងមុន ដែលបង្កគ្រោះថ្នាក់ដល់អ្នកនៅជុំវិញខ្លួន។ ចំពោះការបញ្ចប់កិច្ចសន្យាជាមួយ YG នៅមិនទាន់មានការបញ្ជាក់ច្បាស់យ៉ាងណានៅឡើយទេ។ គួរបញ្ជាក់ថា ម្សិលមិញនេះ Seungri បានប្រកាសដើរចេញពីសិល្បៈ ប៉ុន្តែ​ថ្ងៃនេះអ្នកនិពន្ធម្នាក់របស់ The Black Label បានអះអាងថា មិនមែនជាការសម្រេចចិត្តខ្លួនឯងទេ តែ Seungri ត្រូវបានគេបណ្តេញចេញពី YG៕