(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ណាហ្គាវើលរបស់កម្ពុជា បានទទួល ៣ពិន្ទុដំបូងក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Cup 2019 ប្រចាំពូលF ហើយ បន្ទាប់ពីយកឈ្នះក្រុមមីយ៉ាន់ម៉ា Yangon United ដោយលទ្ធផល ២-១ នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ។

ការប្រកួតនេះក្រុមភ្ញៀវ Yangon United សល់គ្នាត្រឹម ១០នាក់ តាំងពីនាទីទី០៦ ម្លេះ បន្ទាប់ពីខ្សែការពារ Pyae Phyo Zaw ត្រូវបានពិន័យកាតក្រហម ព្រោះយកដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ ហើយក៏ជាឱកាស សម្រាប់កីឡាករ Kipson Atuheire ស៊ុតបាល់ពិន័យ ១១ម៉ែត្រជួយឲ្យណាហ្គាវើល នាំមុខ ១-០ ផងដែរ តែ ៣នាទីក្រោយមក កីឡាករ Vinicius Miller ក៏វាយបកជួយក្រុម Yagon United តាមស្មើ ១-១ វិញ នៅនាទីទី៩ ។

ប៉ុន្ដែអ្វីដែលស្ទើរមិនគួរឲ្យជឿ គឺនៅនាទីទី២៦ កីឡាករ Kipson Atuheire មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ និងរកបាន ១គ្រាប់ទៀតឲ្យក្រុមលោក មាស ចាន់ណា បន្ទាប់ពី Kipson ទាល់បាល់ប៉ះដៃខ្សែការពាររបស់ Yangon United ក្នុងប្រអប់គ្រោះថ្នាក់ដដែល ។ តែយ៉ាងណាតង់ទី២ ពុំមានគ្រាប់បាល់កើតឡើងនោះទេ ទោះបីក្រុម Yangon United មានគ្នាត្រឹម ១០នាក់ តែក្រុមទាំងពីរ បានព្យាយាមការពារដ៏រឹងមាំ ធ្វើឲ្យចប់ការប្រកួតក្រុមណាហ្គាវើល ឈ្នះ ២-១ តែម្ដង ។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងឯកលីគកំពូលកម្ពុជាខាងលើ ទទួលបាន ៣ពិន្ទុឈរលេខរៀងទី៣ តែចាញ់ប្រៀបគូប្រកួតត្រឹម ១ពិន្ទុប៉ុណ្ណោះ គឺក្រុម Hanoi FC របស់វៀតណាម និងក្រុម Tampines Rovers របស់សិង្ហបុរី ដែលមាន ៤ពិន្ទុក្នុងដៃស្មើគ្នា ក្រោយប្រកួតស្មើគ្នា ១-១ នៅលើទឹកដីប្រទេសសិង្ហបុរី កាលពីយប់មិញ ។ ចំពោះប្រកួតបន្ទាប់របស់ណាហ្គាវើល នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ក្រុម Tampines Rovers ម្ដង នាថ្ងៃទី០២ ខែមេសាខាងមុខ៕