(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងបុគ្គលពាក់ព័ន្ធវិស័យនេះទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធីសន្និសីទនិងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិដំបូងនិងធំបំផុតប្រចាំឆ្នាំ ដែលមានរយៈពេល ០៣ (បី) ថ្ងៃ។

កម្មវិធីសន្និសីទនិងពិព័រណ៍នេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគម-នាគមន៍និងព័ត៌មាន (វិទ្យាស្ថានជាតិ NIPTICT)។ កម្មវិធីសន្និសីទនិងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ​គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងឌីជីថលធំបំផុត​នៅកម្ពុជា និងជាសមិទ្ធផលនៃការរៀបចំ និងសហការគ្នារវាងថ្នាក់ដឹកនាំ នៃវិស័យសាធារណៈ និងវិស័យឯកជន ដែលប្តេជ្ញាក្នុងការបង្កើតនូវគ្រឹះឌីជីថល​ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស​ នៃសេដ្ឋកិច្ចរបស់កម្ពុជា។

កម្មវិធីសន្និសីទនិងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ នឹងមានវត្តមានវាគ្មិនប្រកបដោយ ជំនាញច្បាស់លាស់ប្រមាណ ១០០ រូប, មានស្តង់តាំងពិព័រណ៍ចំនួន ប្រមាណ ១៥០ ស្តង់ និងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ.....​រូប។ ​ជាមួយនឹង​ការធ្វើជាម្ចាស់ផ្ទះដោយមានវិទ្យាស្ថានជាតិ NIPTICT, កម្មវិធីនេះត្រូវបានទទួលការគាំទ្រ យ៉ាងពេញទំហឹងដោយអន្តរក្រសួងចំនួន ០៦ ដែលរួមមាន​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះត្រូវបានសហការរៀបចំ ដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations និងឧបត្ថម្ភធំដោយប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួនពីរ គឺក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Viettel, និងមានក្រុមហ៊ុន Huawei Technology (Cambodia) និងក្រុមហ៊ុន CFOCN។

​កម្មវិធីសន្និសីទនិងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) នេះមានគោលដៅសម្រាប់ការត្រៀមខ្លួន ជាស្រេចរបស់កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើន ប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗជាអាទិ៍ ការបង្កើត Platform ថ្នាក់ជាតិបង្ហាញថាកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល, ទី២ ជំរុញអាជីវកម្មបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យា​ឌីជីថល, លើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ឌីជីថល, ទី៣ ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមក្នុងវិស័យបច្ចេក​វិទ្យា និងបញ្ហាផ្សេងៗដែលអាចត្រូវបានដោះស្រាយ​តាមរយៈបច្ចេកវិទ្យាឌីជីថល និងទី៤) ពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍ ​ក្របខណ្ឌច្បាប់និងគោលនយោបាយ និងការអប់រំដែលស្របតាមសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ​និងទី៥) ផ្តល់ឲ្យសហគ្រិន និងអាជីវកម្មបង្កើតថ្មី ក្នុងការអភិវឌ្ឍបណ្តាញ​ទំនាក់ទំនងរបស់ពួកគេ និងជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុន ផ្តល់មូនិធិប្រកបដោយសកត្តានុពលជាច្រើន។

​ដោយមានការគាំទ្រនិងដឹកនាំច្បាស់លាស់ ពីមន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ កម្មវិធី Digital Cambodia 2019 នឹងពិតជា​អាចសម្រេចបាននូវគោលបំណងខាងលើ។ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបង្ហាញនូវចក្ខុវិស័យនៃកម្ម​វិធីនេះ​ ដោយផ្តោតលើការតម្រង់ទិសកម្ពុជា ដើម្បីត្រៀមសម្រាប់បញ្ហាប្រឈម និងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល។ ជាងនេះ​លោកបណ្ឌិត មានបំណងបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍនិងរីកចម្រើនវិស័យឌីជីថល ដែលលោកយល់ថាកត្តាខាងលើនេះ នឹងផ្តល់ផលជាវិជ្ជមានចំពោះសេដ្ឋកិច្ចនិងសង្គម។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលស្គាល់និងគាំទ្រកម្មវិធី Digital Cambodia 2019 នេះតាំងពីដើមរហូតមក ហើយឯកឧត្តមគឺជាថ្នាក់ដឹកនាំកំពូលម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំកំពូលផ្សេងៗទៀត ដែលបានប្តេជ្ញានិងជួយជ្រោមជ្រែងក្នុងការដឹកនាំការងារនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យល់យ៉ាងច្បាស់​អំពីតម្លៃនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ បច្ចេកវិទ្យាឌីជីថលគឺជាធាតុផ្សំសំខាន់មួយ ឆ្ពោះទៅកាន់ភាពជោគជ័យការធ្វើពិពិធកម្មសេដ្ឋកិច្ច ពីព្រោះវានឹងបង្កើតលក្ខខណ្ឌ​ សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច គាំទ្រអនុវិស័យផ្សេងៗ ព្រមទាំងទាក់ទាញអ្នកវិនិយោគ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំងចំពោះកម្មវិធី Digital Cambodia 2019 នេះ ដោយឯកឧត្តមទទួលស្គាល់ថា អ្នកវិនិយោគនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងបោះទុនវិនិយោគ​ចំពោះការសន្យាជាសហគ្រិននិងគំនិតរបស់ពួក។ ក្រោមការដឹកនាំរបស់ឯកឧត្តម កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ ទូរគមនាគមន៍យ៉ាង​ច្រើន ដើម្បីធានាថាបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ប្រទេស អាចគាំទ្រកំណើនយ៉ាងឆាប់រហ័ស និងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យា​ និងឌីជីថល។

លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខិតខំនិងព្យាយាមអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការនានា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ ទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា រួមបញ្ចូលទាំងការពង្រឹងគុណភាព និងភាពអាចទុកចិត្តបាននៃបណ្តាញ និងសេវាទូរគមនាគមន៍។ ជាងនេះទៅទៀត លោកបណ្ឌិត ធានាថាក្របខណ្ឌគតិយុត្ត សម្រាប់គ្រប់គ្រងបណ្តាញ និងសេវាទូរគមនាគមន៍ នឹងអនុញ្ញាតឲ្យវិស័យបច្ចេកវិទ្យា ឌីជីថលទាក់ទាញ់ទុនវិនិយោគសម្រាប់ ឱកាសសម្រាប់ការវិនិយោគ និងការប្រើប្រាស់ទុនវិនិយោគប្រកបដោយ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។

​សូមបញ្ជាក់ថា កម្មវិធីនេះក៏ទទួលការឧបត្ថម្ភ ពីក្រុមហ៊ុន Cellcard, UnionPay, TrueMoney, EZECOM, Oracle, Cisco Systems, Smart City Consortium, PPC Bank, Wing Specialized Bank, PayOn, Mobile C&C, Kilat Events និងដៃគូផ្សេងៗទៀត៕