(អាហ្សាក់)៖ លោក Louis van Gaal អតីតអ្នកចាត់ការទូទៅនៃក្លឹបបិសាចក្រហម Manchester United ដែលត្រូវបានក្លឹបនេះបណ្តេញចេញពីតំណែងកាលឆ្នាំ២០១៦ កន្លងទៅ នៅពេលនេះបានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ជាផ្លូវហើយក្នុងវ័យ ៦៧ឆ្នាំ។

គ្រូបង្វឹកដែលបានដឹកនាំក្រុមជម្រើសជាតិហូឡង់ ជាប់ចំណាត់ថ្នាក់លេខ៣ កាលពីព្រឹត្តិការណ៍ FIFA World Cup 2014 នៅប្រទេសប្រេស៊ីលនោះ ពុំបានដឹកនាំក្រុមជម្រើសជាតិ និងក្លឹបណាមួយនោះទេ គិតចាប់តាំងពីបានចាកចេញ ពីទឹកដី Old Trafford របស់អង់គ្លេសក្នុងឆ្នាំ២០១៦ មក ពោលគឺមានរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្វឹក សញ្ជាតិហូឡង់រូបនេះជួយ Man Utd ឈ្នះជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup។

បុរសដែលធ្លាប់ដឹកនាំក្លឹបធំៗ៣ប្រទេសផ្សេងគ្នានៅតំបន់អឺរ៉ុបរួមមាន Ajax, FC Barcelona និង Bayern Munich បានបដិសេធក្នុងការដឹកនាំក្លឹបក្នុងស្រុក Feyenoord នារដូវកាលក្រោយផងដែរ ក្នុងខណៈដែលលោកទុកពេលទំនេរ នេះរស់នៅ និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារទៅវិញ។

Van Gaal បានថ្លែងក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍ជាតិហូឡង់ថា រូបលោកក៏គ្មានបំណងធ្វើជានាយកបច្ចេកទេស និងអ្នកវិភាគបាល់ទាត់ឲ្យទូរទស្សន៍ណាមួយដែរ ពោលគឺសម្រាកពីបាល់ទាត់តែម្តង ក្រោយប្រកបអាជីពនេះអស់រយៈ ពេល ២២ឆ្នាំ៕