(បរទេស)៖ អំឡុងពេលថតខ្សែភាពយន្តថ្មីមួយ ដែលមានចំណងជើងថា «Sun Years» តារាសម្តែងប្រុសលោក Chow Yun-Fat បានជួបគ្រោះថ្នាក់មួយនឹកស្មានមិនដល់ ដោយសារការថតខុសបច្ចេកទេស ដែលធ្វើឱ្យលោករងរបួសធ្ងន់ត្រង់ក្បាល។ ទោះបីជាយ៉ាងនេះក្តី តែតារាសម្តែងប្រុសវ័យ ៦៣ឆ្នាំរូបនេះ ពិតជាធ្វើឱ្យគ្រប់គ្នាកោតសរសើរជាខ្លាំង ព្រោះលោកមិនខ្វល់ពីរបួសលើក្បាលឡើយ ដោយនៅតែបន្តថតរហូតដល់ចប់ ទៅពេទ្រដើម្បីព្យាបាល។

ជាក់ស្តែង លោក Chow Yun-Fat ដែលទស្សនិកជនភាគច្រើន ស្គាល់តាមរយៈរឿង «បិតាល្បែង» នោះ នៅពេលដែលរងរបួសភ្លាមៗ ត្រូវបានក្រុមការងារនាំគ្នាជូតឈាមឱ្យ និងទូរស័ព្ទទៅភរិយាលោក ដើម្បីមកមើលស្វាមី។ បន្ទាប់ពីសម្តែងចប់មួយឈុត លោកក៏បានដកខ្លួន ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈគ្រូពេទ្យ បានផ្តល់ដំបូន្មានឱ្យលោកកោរសក់ចោលជាមុនសិន មុននឹងធ្វើការដេររបួស ព្រោះតែវាអាចឆ្លងមេរោគនានាចូលទៅមុខរបួស។ តែយ៉ាងណា លោកមានការបារម្ភថា បើកោរសក់ចោលមែននោះ វាអាចប៉ះពាល់ដល់រឿងដែលលោកកំពុងតែសម្តែង ជាជាងសុខភាពផ្ទាល់ខ្លួនលោក ដូច្នេះទើបលោកត្រលប់មកវិញ ជាមួយនឹងការដេរក្បាលចំនួន ៥ថ្នេរ ដោយគ្មានការកោរសក់។

ភរិយារបស់តារាសម្តែង Chow Yun-Fat អ្នកស្រី Tan បានប្រាប់អ្នកកាសែតថា «ខ្ញុំពិតជាមានការភ័យខ្លាចជាខ្លាំង ដែលគាត់ហូរឈាមច្រើនបែបនេះ ប៉ុន្តែពួកយើងត្រូវតែគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ព្រោះយើងមិនចង់ឱ្យអ្នករាល់គ្នាមានការបារម្ភនោះទេ ជាពិសេសលោក Wong ព្រោះគាត់សម្តែងជាតួចិត្តអាក្រក់ ហើយជាអ្នកវាយប្តីរបស់ខ្ញុំឱ្យបែកក្បាល»

យ៉ាងណាមិញ ងាកមកដំណោះស្រាយ របស់កំពូលតារាសម្តែងហុងកុងលោក Chow Yun-Fat នៅពេលនេះ បានធ្វើឱ្យក្រុមការងារ និងមនុស្សជុំវិញខ្លួនលោកជាច្រើន សម្តែងនូវការកោតសរសើរ ថាតារាប្រុសរូបនេះ ពិតជាមានទឹកចិត្តល្អ គិតពីការងារជាចំបង និងដោះស្រាយបញ្ហាប្រកប ដោយវិជ្ជាជីវៈ៕