(អាមេរិក)៖ ថ្មីៗនេះ ប៉ូលីសបាននិយាយថា មិនដល់មួយឆ្នាំផងជនល្មើសត្រូវបានចាប់ខ្លួនជាលើកទី២ ហើយ​បន្ទាប់ពីគេលួចចូលទៅក្នុងលំនៅដ្ឋាន របស់តារាចម្រៀងអាមេរិកស្រីដ៏ល្បី Taylor Swift ដែលស្ថិតនៅ Manhattan ។

Roger Alvarado ត្រូវបានតុលាការដាក់កំហិតរួចហើយ មិនឲ្យមកក្បែរផ្ទះរបស់ Taylor Swift ឡើយ បន្ទាប់ពីបុរសនេះបានវាយបំបែកបង្អួច និងលួចចូលទៅកន្លែងខាងក្នុងផ្ទះ អំឡុងពេលដែលនាងមិននៅ។

អ្នកនាំពាក្យប៉ូលីសបានឲ្យដឹងថា ជនល្មើសមានអាយុ ២៣ឆ្នាំ ត្រូវបានឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទចោរកម្ម និងមិនគោរពបញ្ជារបស់តុលាការ។

កាលពីខែ កុម្ភៈ ឆ្នាំ២០១៨ Alvarado ត្រូវបានគេចាប់ខ្លួននៅឯផ្ទះរបស់ Taylor Swift ផងដែរ បន្ទាប់ពីជននេះប៉ុនប៉ងវាយបំបែកទ្វារចូលទៅខាងក្នុង ហើយទោះជាត្រូវជាប់ពន្ធនាគាររយៈពេល ៦ខែក៏ដោយ ប៉ុន្តែការអនុវត្តទោសមិនត្រូវបានធ្វើឡើយ ព្រោះ Alvarado មានបញ្ហាជម្ងឺផ្លូវចិត្ត។ តាមរយៈ​បទសម្ភាសន៍ជាមួយទស្សនាវដ្តី Elle Taylor Swift បង្ហាញពីអារម្មណ៍ភ័យខ្លាច ក្រោយពីជួបឧបទ្ទវហេតុផ្ទួនៗបែបនេះ ហើយនាងលើកឡើងថា ព្រោះតែពេលខ្លះសារព័ត៌មានបានចុះផ្សាយ ពីអាសយដ្ឋានផ្ទះរបស់នាងនៅតាមអនឡាញ៕