(ក្រុងតូរីន)៖ ក្រុមជើងឯកអ៊ីតាលី សេះបង្កង់ Juventus ត្រូវរកឲ្យបាន ២គ្រាប់ ក្នុងជំនួបទល់នឹងក្រុមភ្ញៀវ Atletico Madrid នាយប់នេះក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League បន្ទាប់ពីពួកគេ បានបរាជ័យ ២-០ ក្នុងទឹកដីអេស្ប៉ាញកាលពីជើងទី១។

Juventus ជាក្រុមរបស់អ៊ីតាលីទី២ បន្ទាប់ពីសមាជិក Serie A ក្រុមរមាស AS Roma បានហាលអាវក្រោមថ្វីជើងរបស់ក្រុមព័រទុយហ្គាល់ FC Porto ក្នុងវគ្គ១៦ក្រុមដូចគ្នា ក្នុងខណៈកីឡាករសំខាន់ Cristiano Ronaldo ត្រូវបានទុក ឲ្យសម្រាកកាល Juventus យកឈ្នះ Udinese ៤-១ ដើម្បីទុកលេង Champions League រាត្រីនេះ។

ក្រុមដែលកំពុងនាំមុខកំពូលតារាង Serie A ១៩ពិន្ទុនារដូវកាលនេះ បានជ្រុះត្រឹមវគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League កាលពីរដូវកាលមុន ក្រោមថ្វីជើងរបស់ Real Madrid ដោយមាន Ronaldo ជាកីឡាករសំខាន់ ដោយបានស៊ុតយកជ័យជម្នះចុងម៉ោងនៃជើងទី២៕