(ម៉ាឌ្រីដ)៖ លោក Zinedine Zidane ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីក្នុងក្លឹប Real Madrid ក្រោមកិច្ចសន្យា រយៈពេល ៣ឆ្នាំ ដើម្បីជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Santiago Solari ដែលត្រូវបានបណ្តេញពីតំណែងនា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

នេះជាការវិលចូលដឹកនាំក្លឹបជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ១៣សម័យកាលច្រើនជាងគេ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានលាឈប់កាលពីចុងខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ពោលគឺក្រោយពេល Zidane ដឹកនាំ Real Madrid ឈ្នះជើងឯក Champions រដូវកាលឆ្នាំ២០១៧-២០១៨ ទើបតែបាន ៥ថ្ងៃប៉ុណ្ណោះ។

អតីតខ្សែប្រយុទ្ធដែលបានជួយឲ្យក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯក World Cup 1998 និងរងជើងឯក កាលឆ្នាំ២០០៦ Zidane វ័យ៤៦ឆ្នាំបានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយក្លឹបអេស្ប៉ាញ ដែលទើបតែជ្រុះចេញពី UEFA Champions League រដូវកាលនេះក្រោមការដឹកនាំរបស់លោក Solari ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២២៕