(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក អេឡិច ចាន់ត្រា បានសម្ដែងអារម្មណ៍ភ្ញាក់ស្រឡាំងកាំង នៅពេលឮផ្ទាល់នឹងត្រចៀក ចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅឈ្មោះពិតរបស់ខ្លួនថា «អាស្រ៊ុន» ជាសាធារណៈ នៅចំពោះមុនមហាជន និងមន្រ្តី​ធំៗជាច្រើនរូបទៀត។ ជាមួយគ្នានឹងការហៅឈ្មោះពិតរបស់ខ្លួនហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសួរនាំពីរការងារមនុស្សធម៌ របស់តារាសម្ដែង អេឡិច ចាន់ត្រា ដែលធ្វើឲ្យរូបលោករំភើបញាប់ញ័រ ស្ទើរគ្មានអ្វីផ្ទឹម។

លោក អេឡិច ចាន់ត្រា បានសរសេរនៅក្នុង Facebook ផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងរូបថត ជាច្រើនសន្លឹក ថតជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អមដោយអ្នកសិល្បៈផ្សេងទៀត​ថា «ថ្ងៃនេះពិតជាមហាកិត្តិយស និង​រំភើបចិត្តយ៉ាងខ្លាំង ​នៅពេលឮ​សម្ដេចតេជោ ហៅ ​ឈ្មោះ ខ្ញុំថា «អា​ស្រ៊ុន» ខ្ញុំទ្បើងភ្ញាក់ ហើយស្រទ្បាំងកាំង​ ពេលឮសម្ដេចស្គាល់ ឈ្មោះដើមកំណើត ហើយហៅខ្ញុំបែបនេះ..!»

​តារាសម្ដែង អេឡិច ចាន់ត្រា បានបន្ថែមទៀតថា «បន្តលោកទាំងពីក៏បានសួរនាំពីការងាមនុស្សធម៌ ដែលទាក់ទងនិងការងារសង្គម ហើយក៏បន្តទទួលបានការជូនពរពីលោកទាំង២ ជាពិសេសថ្ងៃនេះ ប្អូនៗដែលជាជនរងគ្រោះ ពិតជាទទួលបានភាពកក់ក្ដៅ និងក្ដីស្រឡាញ់យ៉ាងខ្លាំង ពី​លោកទាំង២!»

ការហៅឈ្មោះពិតរបស់តារាសម្ដែង អេឡិច ចាន់ត្រា ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា គឺ​បានធ្វើឡើង ក្នុងពិធីដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្រ្តីរាជការជាច្រើនរូប ចូលរួមក្នុងពិធីសំណេះសំណាលជាមួយ​គ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៉ីប ទុំឌី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា តារាចម្រៀង និងសម្ដែងលោក អេឡិច ចាន់ត្រា ​មានឈ្មោះពិតថា « លឹម ប៉ោស្រ៊ុន» ហើយការហៅឈ្មោះជាសាធារណៈ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី១ហើយសម្រាប់រូបលោក ខណៈដែលកម្មវិធីផ្លូវការធំៗកន្លងមក សម្ដេចតេជោមិនដែលហៅឈ្មោះពិតរបស់លោកម្ដងណាឡើយ។ អ្វីដែលគួឲ្យចាប់អារម្មណ៍មួយទៀត គឺមហាជន ក៏ដូចជាទស្សនិកជនជាអ្នកគាំទ្ររូបលោក ក៏​​មិនដែលបានស្គាល់ឈ្មោះពិតរបស់លោកដែរ ពោលគឺពួកគេស្គាល់តែឈ្មោះ ក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ៕