(ភ្នំពេញ)៖ លោកស្រី ពុធ ធីតា ប្រធានក្លឹបកីឡាបាល់ទាត់បឹងកេត បានក្លាយជាសមាជិកប្រតិបត្តិម្នាក់ ក្នុងចំណោម ២នាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រាប់អាណត្តិថ្មីតាមរយៈការបោះឆ្នោត ក្នុងមហាសន្និបាតលើកទី១៣ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាហ្គាឌិនស៊ីធី។

ការបោះឆ្នោតនេះ ធ្វើឡើងក្រោយមានសមាជិកប្រតិបត្តិ ២នាក់ បានបញ្ចប់អាណត្តិរបស់ខ្លួនរួមមានលោក អ៊ុក សិទ្ធិជាតិ និងលោក ខៀវ ចិន្ដាវ័ន ប៉ុន្ដែលោកទាំងពីរ ក៏បានបន្ដឈរឈ្មោះបោះឆ្នោតជាមួយគូប្រជែង ៤រូបទៀតដែរ រួមមានលោកស្រី ពុធ ធីតា, លោក សុចិត្រា, លោក អៀង សាក់នីដា និងលោក ចាប់ សុខហេង។

លទ្ធផលបោះឆ្នោតលលោក អ៊ុក សិទ្ធិជាតិ បានទទួលការគាំទ្រច្រើនជាងគេ រហូតដល់ ៣២សំឡេង ដើម្បីបន្ដធ្វើជាសមាជិកប្រតិបត្តិ និងម្នាក់ទៀត គឺលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត ដែលឈរលេខរៀងទី២ ដោយទទួលបានការគាំទ្រសរុប ២៩សំឡេង ដើម្បីជំនួសកៅអីលោក ខៀវ ចិន្ដាវ័ន ដែលឈរលេខរៀងបន្ទាប់ពីខ្លួន៕