(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយថវិកាសរុបចំនួន ៤,៤៨៨,៣៧០ដុល្លារ ដើម្បីអនុវត្តផែនការសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធ ដែលបង្ហាញដោយលោក អ៊ុក សិទ្ធិជាតិ ក្នុងមហាសន្និបាតលើកទី១៣ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសណ្ឋាគារហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមានប្រធានសហព័ន្ធលោក សៅ សុខា។

ផ្អែកតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា ឆ្នាំ២០១៨ សហព័ន្ធរកបានចំណូលសរុបចំនួន ៦,០២៥,៤២៨ដុល្លារ តែដោយសារការចំណាយតិចជាងឆ្នាំមុនត្រឹម ៤,៤៨៨,៣៧០ដុល្លារ បានធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសល់ប្រាក់ពីការចំណាយសរុបចំនួន ១,៥៣៧,០៥៨ដុល្លារ សម្រាប់បញ្ចូលក្នុងគម្រោងអភិវឌ្ឍនាឆ្នាំ២០១៩ ដែលសហព័ន្ធត្រៀមចំណាយកាន់តែច្រើនថែមទៀត។

នៅក្នុងរបាយការណ៍ដដែលបានគូសបញ្ជាក់សម្រាប់ថវិកាសរុប ដើម្បីត្រៀមអនុវត្តសកម្មភាពក្នុងឆ្នាំ២០១៩ ផងដែរ ក្នុងនោះចំណូលសហព័ន្ធត្រៀមមានចំនួនសរុប ៧,៤៩០,៥២០ដុល្លារ ខណៈខ្ទង់ចំណាយ គឺមានការកើនឡើងទ្វេដេង បើធៀបនឹងឆ្នាំ២០១៨ គឺសហព័ន្ធគ្រោងចំណាយសរុប ៨,១៨៧,៩៩៩ដុល្លារ បានន័យថា សហព័ន្ធនៅខ្វះខាតថវិកាប្រមាណ ៦៩៧,៤៧៩ដុល្លារទៀត ដើម្បីបង្គ្រប់ផែនការរបស់ខ្លួន។

គួរបញ្ជាក់ថា មហាសន្និបាតខាងលើ ក្រៅពីបូកសរុបលទ្ធផល និងចំណូល-ចំណាយប្រចាំឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញនូវទិសដៅអភិវឌ្ឍមួយចំនួន ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ពិសេសគឺការសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងតែម្ដង៕