(ភ្នំពេញ)៖ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានស្នើឲ្យសមាជិកប្រតិបត្តិរបស់ខ្លួនបន្ដ ប្រើប្រាស់ពាក្យបច្ចេកទេស «Offside» ក្នុងវិស័យបាល់ទាត់ដដែល ដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់ ដ្បិតមានការប្រែសម្រួលជាភាសាជាតិមកជាពាក្យ «ជំហរក្រៅល្បែង» ក៏ដោយ។

ការលើកឡើងដូច្នេះ បានធ្វើឡើងចំពោះមុខមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងសមាជិកប្រតិបត្តិសហព័ន្ធក្នុងអង្គមហាសន្និបាតលើកទី១៣ របស់សហព័ន្ធ ដែលរៀបចំឡើង នៅសណ្ឋាគារហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ។

ប្រមុខ FFC រូបនេះបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំគិតថា ដូចជាមិនសូវមានការចាំបាច់អីទៅបកប្រែពាក្យបច្ចេកទេស (Offside) នោះទេ។ ឧទាហរណ៍៖ ឥឡូវមានការបកប្រែពីពាក្យ Offside មកជាពាក្យ (ជំហរក្រៅល្បែង...)។ យើងគាំទ្រការបង្កើតពាក្យបច្ចេកថ្មីៗជាច្រើនទៀត តែដូចជាពាក្យ Offside យើងដូចជាមិនចាំបាច់នោះទេ ព្រោះគេបានដឹង និងប្រើទូទាំងពិភពលោកហើយ ហេតុនេះខ្ញុំស្នើឲ្យបន្ដការប្រើពាក្យ Offside ក្នុងបាល់ទាត់ដដែល»

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយមានការជជែកពីក្រុមអ្នកជំនាញអក្សរសាស្ដ្រខ្មែរ ក៏មានការឯកភាពគ្នាបង្កើតពាក្យបច្ចេកទេសមួយសម្រាប់ប្រើជំនួសពាក្យ «Offside» គឺពាក្យ «ជំហរក្រៅល្បែង» ហើយពាក្យនេះ ក៏ត្រូវបានផ្សព្វផ្សាយ និងប្រើប្រាស់ជាបណ្ដើរៗផងដែរ មុននាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសគាំទ្រឲ្យបន្ដប្រើប្រាស់ពាក្យបច្ចេកទេស «Offside» ឡើងវិញ៕