(ភ្នំពេញ)៖ អតីតតារាសម្ដែង និងតារាចម្រៀងល្បីឈ្មោះ អ្នកនាង គឹម លីហ្សា និងប្អូនស្រីរបស់ខ្លួន បានឈ្នះពានរង្វាន់ឆ្នើមពីក្រុមហ៊ុនមួយនៅក្នុងប្រទេសថៃ ទៅលើអាជីវកម្មលក់ផលិតផលថែរក្សាសម្រស់បានល្អជាងគេ។ ជាការពិត បើគិតទៅប្អូនស្រីរបស់នាង គឹម លីហ្សា បានបើកហាងនាំចូលផលិតផលថែរក្សាសម្រស់ច្រើនឆ្នាំមកហើយ ក៏តារាចម្រៀង និងជាតារាសម្ដែង អ្នកនាង គឹម លីហ្សា ទើបតែត្រូវគេដឹងថាបានចូលហ៑ុននាំ ចូលផលិតផលជាមួយប្អូនស្រីនាពេលថ្មីៗនេះប៉ុណ្ណោះ។ អុីចឹងទើបម្នាក់ៗលាន់មាត់នៅពេលដែលអ្នកនាងស្រាប់តែត្រូវគេឃើញទៅទទួលពានដល់ប្រទេសថៃ ជាមួយនឹងប្អូនស្រីកាលពីពេលថ្មីៗនេះ។

អតីតតារាសម្ដែង គឹម លីហ្សា និយាយថា គ្រាន់តែចុះពីប្រទេសអូស្រ្តាលី ទៅសម្ពោធសាខាថ្មីនៅខេត្តស្វាយរៀងមិនទាន់បានប៉ុន្មានថ្ងៃផង អ្នកនាង និងប្អូនស្រី ក៏ត្រូវបានគណកម្មការរៀបចំអញ្ជើញអោយទៅទទួលពានឆ្នើមប្រចាំឆ្នាំ២០១៩តែម្ដង។

អ្នកនាងថា គណកម្មការដែលរៀបចំព្រឹត្តិការណ៍ បានវាយតម្លៃថា ក្រុមហ៑ុន Anniya Cosmetics Trading Co.,Ltd របស់អ្នកនាង និងប្អូនស្រី បានក្លាយជាក្រុមហ៑ុនចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា។ អ្នកនាងថា ក្រុមហ៑ុន Anniya Cosmetic បានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដែលអ្នកនាងបានចាត់ទុកថាបើកុំអាជីវកម្មរបស់អ្នកនាង និងប្អូនស្រីមិនទទួលជោគជ័យ ក៍ពិតជាមិនអាច។ អ្នកនាងថាក្រុមហ៑ុនមិនត្រឹមតែត្រូវបានទទួលស្គាល់ថាជាក្រុមហ៑ុនឆ្នើមនៅកម្ពុជាប៉ុណ្ណោះទេ តែនាង និងប្អូនស្រី ក៍ត្រូវបានប្រកាសអោយទទួលពានជាអ្នកគ្រប់គ្រងឆ្នើម និងមានឥទ្ធិពលក្នុងវិស័យអាជីវកម្មមួយនេះទាំងពីរនាក់ផងដែរ។ អ្នកនាងទទួលបានពានឆ្នើមតំណាងអោយផលិតផលម៉ាក Jesse ហើយប្អូនស្រីរបស់នាង គឺអេនីយ៉ា ទទួលបានពានឆ្នើមផ្នែកផលិតផលសម្រស់ម៉ាក Anniya។

គឹម លីហ្សាបន្តថា ខ្លួនរំភើបខ្លាំង ស្ទើរតែឡើងទទួលពានកិត្តិយសនៅក្នុងថ្ងៃនោះមិនរួចឡើយ ដោយសារតែក្នុងពិធីទាំងមានក្រុមហ៑ុនជោគជ័យៗជាច្រើនបង្ហាញខ្លួន បែរជាជាប់ក្រុមហ៑ុនរបស់អ្នកនាង ហើយបើសំដៅដល់អ្នកគ្រប់គ្រងឆ្នើមវិញ គឺបានខ្លួនទាំងស្រឡាំងកាំង។ មុខជំនួញនាំចូលផ្ដាច់មុខផលិតផលថែរក្សាសម្រស់របស់អ្នកនាង និងប្អូនស្រី ទទួលបានការគាំទ្រតាំងពីបើកក្រុមហ៑ុនខ្លាំងណាស់ ទើបធ្វើឲ្យក្រុមហ៑ុនមួយនេះឈ្នះពានស្ទួនគ្នា។

អ្នកនាង គឹម លីហ្សា បន្តថា ពានរង្វាន់នេះ ត្រូវបានទទួលតែប៉ុន្មានថ្ងៃ ក្រោយពីអ្នកនាង និងប្អូនស្រីទើបប្រកាសចែកចាយនៅខេត្តស្វាយរៀង ដោយមានក្រុមកំប្លែងយ៉េយ៉េ លោក ម៉ាដូណា និងក្រុមចម្រៀងច្រើននាក់នាពេលនោះចូលរួម។ អ្នកនាងថាមុខរបរអនឡាញពិតជាធ្វើអោយនាងជោគជ័យ ក្នុងពេលដែលអ្នកនាង ក៍មានពេលចុះឡើងពីអូស្ត្រាលីមកកម្ពុជា។ យ៉ាងណាមិញអ្នកនាងប្រកាសថា ដំណើរមកកាន់កម្ពុជាលើកនេះ គឺមកការងារទេ ទើបអ្នកនាងមិនទាន់បានឆ្លៀតឡើងឆាក ស្របគ្នាដែលអ្នកនាងក៏ប្រញាប់ឡើងទៅវិញមិនយូរដូចគ្នា៕