(អាមេរិក)៖ តាមរយៈការផ្សាយរបស់ទស្សនាវដ្តី Forbes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា Kylie Jenner ត្រូវបានគេចាត់ទុកថា នាងជា​មហាសេដ្ឋីវ័យក្មេងជាងគេក្នុងពិភពលោក។

តារាស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវជាប្អូនស្រីរបស់តារាទូរទស្សន៍ល្បី Kim, Khloe និង Kourtney Kardashian បានជាប់ឈ្មោះ​ក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំរបស់ Forbes បន្ទាប់ពីនាងដាក់បង្ហាញផលិតផលគ្រឿងសម្អាង Kylie Cosmetics របស់នាង​នៅតាមអនឡាញក្នុងឆ្នាំ២០១៥។

Forbes ចាត់ទុក Kylie Jenner គឺជាសេដ្ឋីវ័យក្មេងជាងគេ ហើយក៏ជាតារាស្រីវ័យក្មេង ដែលរកប្រាក់ចំណូលបានច្រើនផងដែរ ហើយនាងស្ថិតនៅចំណាត់ថ្នាក់ទី២.០៥៧ ក្នុងបញ្ជីមហាសេដ្ឋីតាមរយៈការប្រៀបធៀបលើមរតក ដែលទទួលនិងទ្រព្យសម្បត្តិដែលរកបានដោយខ្លួនឯង។

កាលពីឆ្នាំមុន Kylie Cosmetics រកចំណូលបានប្រហែល ៣៦០លានដុល្លារ ហើយនាងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Ulta Beauty Inc (ULTA.O) ដើម្បីចែកចាយផលិតផលផងដែរ។ គួរបញ្ជាក់ថា អ្នកមានបំផុតរបស់ពិភពលោកគឺលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon.com Inc (AMZN.O) ដែលមាន ទ្រព្យសម្បត្តិសុទ្ធចំនួន ១៣១ប៊ីលានដុល្លារ។

បន្ទាប់គឺសហស្ថាបនិកក្រុមហ៊ុន Microsoft Corp (MSFT.O) លោក Bill Gates នៅរក្សាតំណែងលេខ២ ជាមួយនឹងទ្រព្យសម្បត្តិ ដែលប៉ាន់ប្រមាណចំនួន ៩៦.៥ប៊ីលានដុល្លារ៕