(កូរ៉េ)៖ សហគមន៍អ្នកគាំទ្រអនឡាញ DC BIGBANG នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យមានការដក Seungri ចេញពីក្រុម BIGBANG។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «យើងសូមអំពាវនាវយ៉ាងខ្លាំងឲ្យ YG ដកតារាចម្រៀង Seungri ចេញពីសមាជិកក្រុម BIGBANG ដោយសារតែយករូបភាពរបស់ភ្នាក់ងារ និងឈ្មោះក្រុមទៅពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍ ដែលកើតឡើងនៅក្លឹប Burning Sun សម្រាប់អាជីវកម្មផ្ទាល់ខ្លួន។ សកម្មភាពខុសឆ្គងរបស់ Seungri នឹងត្រូវបានសម្រេចក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ហើយគិតត្រឹមថ្ងៃទី៩ ខែមីនានេះ អ្នកគាំទ្រខ្លះរបស់ BIGBANG នឹងលែងគាំទ្រ Seungri ទៀតហើយ»

ទោះជាយ៉ាងណា អ្នកគាំទ្រខ្លះនិយាយថា មិនមែនទាំងអស់គ្នាសុទ្ធតែយល់ស្របនឹងសេចក្តីថ្លែងការណ៍នេះទេ DC BIGBANG មិនអាចនិយាយថា ជាអ្នកតំណាងឲ្យអ្នកគាំទ្រទាំងអស់ឡើយ ហើយការចេញសេចក្តីថ្លែងការណ៍នេះអាចនឹងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ BIGBANG ផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ YG Entertainment បានប្រកាសថា Seungri នឹងចូលបម្រើកងទ័ពនៅថ្ងៃទី២៥ ខែមីនា ទោះបីជាកំពុងជាប់មានរឿងក្តីចម្រូងចម្រាស់ក៏ដោយ៕