(ភ្នំពេញ)៖ ហាងស៊ុបថ្មីមួយទៀត ដែលត្រូវបានគេអះអាងថា នាំយកនូវរូបមន្តរសជាតិប្លែក ពីប្រទេសថៃ មានឈ្មោះថា ហាង «ស៊ុបក្អម» ឬ «ឆ្នាំងដី» បានបង្ហាញវត្តមានហើយ នៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើពិធីបើកសម្ពោធជាផ្លូវការ នាយប់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩នេះ ក្រោមវត្តមានភ្ញៀវកិត្តិយស និងតារាសម្ដែងល្បីមួយចំនួន ចួលរួមអបអរសាទរផងដែរ។

ម្ចាស់ហាង «ស៊ុបក្អម» លោក ម៉ា ដារ៉ាវុធ បានថ្លែងប្រាប់ឲ្យដឹងថា ហាងស៊ុបដែលលោកបើកបម្រើជូនអតិថិជន នៅក្នុងរាជធានីភ្នំពេញនេះ គឺជាហាងស៊ុបមួយមានរសជាតិប្លែក ដោយលោកបាននាំរូបមន្តចម្អិន ពីប្រទេសថៃ។ លោកថា ការងារចម្អិនស៊ុប បើគិតមួយភ្លែតទៅ គឺជារឿងងាយស្រួល ប៉ុន្តែរូបមន្តនៃលាយគ្រឿង លាយសាច់ និងគន្លឹះផ្សេងៗទៀត គឺពិតជាមិនងាយស្រួលនោះឡើយ ហើយស៊ុបក្អមប្រចាំនៅហាងនេះ គឺលោកបានច្នៃបន្ថែម ដើម្បីឲ្យរសជាតិកាន់តែប្លែក និងជាលើកទី១ នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងថ្ងៃសម្ពោធម្ចាស់ហាងដដែល បានបន្តថា លោកពិតជាសប្បាយរីករាយ ដែលបានប្រកាសបើកដំណើរ ការហាងមួយនេះ ជាផ្លូវការក្រោម ការសាទរពីសំណាក់សាច់ញាតិ មិត្តភក្កិ និងក្រុមអ្នកសិល្បៈដែលបានផ្តល់​កិត្តិយសសម្រាប់រូបលោក​។ ​នេះគឺជាសាខាហាងទី២ហើយ បន្ទាប់ពីលោកបើកដំណើរការ អាហារបែបស៊ុប​សាច់អាំង និងគ្រឿងក្លែមយីហោដូចគ្នា នេះនៅលើទឹកដីនៃក្រុង ប៉ោយប៉ែត ដែលជាអាហារល្បីឈ្មោះ រសជាតិឆ្ងាញ់នៅប្រទេសថៃ​។

លោកបន្តថា ក្រោយការប្រកាសបើកដំណើរ ការជាផ្លូវការនៅថ្ងៃនេះ​ ហាងថ្មី​នឹងបើកបម្រើការ លក់អាហារថ្ងៃត្រង់បន្ថែមទៀត​។ ​ហាងថ្មីនេះ លោកបានបើកដំណើរការ ជាងមួយខែកន្លងមកហើយ ហើយទើបតែថ្ងៃនេះ គឺជាថ្ងៃទិវា​សិទ្ធិនារីអន្តរជាតិ ទើបលោកសម្រេចចិត្ត ជ្រើសរើសប្រកាសបើកដំណើរ ការជាផ្លូវការតែម្តង​។

យ៉ាងណាមិញ លោកក៏មានគម្រោងពង្រីក សាខាថ្មីៗបន្ថែមទៀតនៅរាជ​ធានីភ្នំពេញ និងខេត្តធំៗមួយចំនួន ​ដែលលោករំពឹងថា នឹង​ទទួលបានជោគជ័យសម្រាប់ ជំនួញថ្មីមួយនេះ។ ហាង «ស៊ុបក្អម» មានអាសយដ្ឋាននៅតាមផ្លូវលេខ៧១ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន ខាងត្បូងវិទ្យាល័យ ជាស៊ីមបឹងកេងកងប្រមាណ១០០ម៉ែត្រ៕