(ភ្នំពេញ)៖ ស្ទើរមិនគួរឲ្យជឿទេថា ផលិករភាពយន្តលោក ហ៊ុយ យ៉ាឡេង មានការលះបង់ខ្ពស់ ដោយលោកបានបង្ហាញវីដេអូ ខណៈ​ដែលលោក​សម្ដែងក្នុងខ្សែភាពយន្ត​របស់ខ្លួន គឺរឿង «ទារុណកម្មខ្មោច» ដែលបង្ហាញពីការលះបង់ សាច់ស្រស់ៗ ឈាមស្រស់ ដោតដោតម្ជុលចូលក្នុងសាច់មែនទែន និងការលះបង់ផ្សេងៗទៀត ដើម្បី​ធ្វើឲ្យសាច់រឿងទាំងមូល កាន់តែមានភាពទាក់ទាញ និងរន្ធត់កាន់តែខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន នៅពេលដែលបានទស្សនា​ខ្សែភាពយន្តមួយនេះ​។

ផលិតករ ក៏ដូចជាតួសម្ដែង នៅក្នុងខ្សែភាពយន្ត ខ្នាតធំ​រឿង «ទារុណកម្មខ្មោច» លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹង​ពីការតស៊ូ របស់លោកនៅក្នុងសាចរឿងបែបរន្ធត់មួយនេះ គឺមាន ៣ចំណុច ដើម្បីផលិតរឿង «ទារុណកម្មខ្មោច​» នេះឡើង។ ដោយចំណុចទាំងអស់នោះរួមមាន៖

«ទី១, ការសម្រកគីឡូ១ខែ ១៨គីឡូ គឺជាការសម្រចចិត្តយ៉ាងផុយ ស្រួយមនុស្សជុំវិញខ្លួន តែងសួរខ្ញុំថា ធ្វើកើតអត់
ខ្ញុំខ្លួនឯងពិតជាភ័យខ្លាច ធ្វើមិនទាន់ពេល តែពី១ថ្ងៃទៅ១ថ្ងៃ ខ្ញុំមិនដកថយឡើយ ក្នុងចិត្តមានតែអក្សរ តស៊ូ ខំប្រឹង លះបង់ ពេញនៅក្នុងខ្លួនទីបំផុត ខ្ញុំធ្វើបានស្រកបាន១៨គីឡូ ក្នុងមួយខែ ទោះបីខ្ញុំថតចប់ ខ្ញុំត្រូវចូលពេទ្យក៏ដោយ»

«ទី២ ការរៀបចំថតឈុតដោត ម្ជុលចូលសាច់ពិតជាលំបាក រៀបចំតាំងពីល្ងាច ភ្លឺទើបថតចប់ ខ្ញុំរារែកច្រើនដងចំពោះការ ដោតម្ជុលចូលសាច់ ខ្ញុំចង់បដិសេធច្រើនដង តែខ្ញុំបានសច្ចាហើយ ថាធ្វើវាឲ្យបានម៉ោង៥ជិតភ្លឺខ្ញុំ សម្រេចចិត្តធ្វើវាបាន»

«ទី៣ ការចងព្យួរដាំក្បាលជ្រមុជទឹកពិតជាលំបាក ចងលើកទី១បេះដូង ខ្ញុំលោតញាប់ ខ្ញុំថប់ដង្ហើម រកកល់ចង់សន្លប់ ខ្ញុំផ្អាកស្រាយខ្សែ​ចេញ ខ្ញុំលួចភ័យម្នាក់ឯង ខ្ញុំចង់សម្រេចចិត្តបោះបង់ម្តងៗ តែខ្ញុំមិនអាចក្បត់​សន្យាឡើយ ទីបំផុតម៉ោង៥ភ្លឺខ្ញុំសម្រេចចិត្តធ្វើវាបាន ខ្ញុំរំភើបលួច ស្រក់ទឹកភ្នែកម្នាក់ឯង ដូចខ្ញុំបានរួចពីស្លាប់​​»​។

លោកបានបន្ត​ទៀតថា «​ភាពយន្តនេះខ្ញុំតស៊ូ ខ្ញុំលះបង់ ដើម្បីបម្រើជូនបងប្អូនទស្សនា ដើម្បីនាំភាពយន្តជាតិយើង ឆ្ពោះទៅឆាកអន្តរជាតិ ក្តីសង្ឃឹមខ្ញុំថ្ងៃណាមួយឆាប់ៗនេះ ភាពយន្តខ្មែរ និងស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ទារុណកម្មខ្មោច ខ្សែភាពយន្តដែលខ្ញុំលះបង់ខ្ពោះ កំពុងចាក់បញ្ចាំង សូមអរគុណចំពោះការគាំទ្រភាពយន្តខ្មែរ ខ្មែរដើម្បីខ្មែរ​»​