(កូរ៉េ)៖ ដោយសារតែស្រឡាញ់ក្រុមចម្រៀង K-Pop BTS ថ្មីៗនេះលេចឮដំណឹងថា ប្រជាជនកូរ៉េខាងជើងកំពុងបំពានច្បាប់ហាមឃាត់ក្នុងប្រទេសហើយ។

យោងតាមសារព័ត៌មាន Daily NK កាលពីថ្ងៃទី៦ ខែមីនា បានចុះផ្សាយថា មាន USB ពីរ ដែលផ្ទុកនូវតន្រ្តី BTS និង​ខ្សែភាពយន្តកូរ៉េខាងត្បូង ត្រូវបានគេរកឃើញនៅក្នុងផ្ទះគ្រួសារមួយស្ថិតនៅ Hyesan ប្រទេសកូរ៉េខាងជើង។

USB មួយត្រូវបានគេរាយការណ៍ថា មានតន្ត្រី BTS ហើយ USB មួយទៀតមានខ្សែភាពយន្តកូរ៉េខាងត្បូង «Marry Me Now» និងរឿងជាច្រើនទៀត។ ម្ចាស់ឧបករណ៍ USB ត្រូវបានគេចាប់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅដាក់ពន្ធនាគារទៀតផង។

គួរបញ្ជាក់ថា កូរ៉េខាងជើងហាមឃាត់យ៉ាងតឹងរឹង មិនឲ្យពលរដ្ឋរបស់ខ្លួនមានទំនាក់ទំនងជាមួយវប្បធម៌បរទេស ហើយបើនរណាម្នាក់បំពានច្បាប់នោះនឹងត្រូវទទួលរងទណ្ឌកម្ម៕