(ភ្នំពេញ)៖ ពិតជារឿងមួយ ធ្វើឱ្យទស្សនិកជន និងអ្នករស់នៅក្នុងចង្កោមសិល្បៈសាទរគ្រប់គ្នា ខណៈដែល ថ្ងៃនេះ គឺជាថ្ងៃមង្គល របស់តារាចម្រៀង និងជាតារាសម្តែងប្រុសស្រី លោក សុខ រក្សា និង កញ្ញា កុល ដាវី ក្រោយពី អ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើម អស់រយៈពេលជាច្រើនឆ្នាំ ។

ជាការពិត តារាចម្រៀងប្រុសលោក សុខ រក្សា និងតារាសម្តែងស្រី​ កុល ដាវី ដឹកដៃគ្នាចូលពិធីរៀបអាពាហ៍ពិពាហ៍ជាផ្លូវការតាមប្រពៃណីខ្មែរហើយ ដោយថ្ងៃចូលរោងជ័យសូត្រមន្តសិរីសួស្តី កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ និងថ្ងៃនេះផងដែរ ពោលគឺថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃមង្គលការ ធ្វើតាមបែបប្រពៃណីជាតិខ្មែរ និងល្ងាចឡើងទទួលភ្ញៀវកិតិ្តយស ពិសារ អាហារនៅ មជ្ឈមណ្ឌលសន្និបាទ និងពិពណ៌កោះពេជ្រ (អាគារ C)។

ជាមួយគ្នានេះ គេសង្កេតឃើញ មានការចូលរួមអបអរសាទរ ពីសំណាក់ក្រុមគ្រួសារ សាច់ញាតិទាំងសងខាង និងវត្តមាន អ្នកសិល្បៈមួយចំនួន បានទៅចូលរួម ក្នុងពិធីមង្គល របស់តារាចម្រៀង លោក សុខ រក្សា និងតារាសម្ដែង កុល ដាវី ផងដែរ ៕