(កូរ៉េ)៖ នៅថ្ងៃនេះ Namoo Actors បានប្រកាសជាផ្លូវការថា Seohyun អតីតតារាចម្រៀងក្រុម Girls' Generation បានចុះ កិច្ចសន្យា​ជាមួយពួកគេហើយ។

តំណាងរបស់ក្រុមហ៊ុនបាននិយាយថា «យើងមានសេចក្តីរីករាយណាស់ ដែលបានធ្វើការជាមួយ Seohyun ដែលធ្លាប់ជាសមាជិក Girls' Generation ដ៏ល្បីម្នាក់នៅទូទាំងពិភពលោក»

ភ្នាក់ងារបានបន្ថែមថា «Seohyun ពិតជាតារាស្រីដ៏អស្ចារ្យម្នាក់ ព្រោះនាងមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាសម្តែងផងដែរ ហើយយើងនឹងគាំទ្រនាងតាមគ្រប់វិធីទាំងអស់ និងជម្រុញឲ្យ Seohyun នៅតែល្បីល្បាញដូចដែលនាងនៅជាសមាជិក Girls' Generation»

បន្ទាប់ពីចូលសិល្បៈឆ្នាំ២០០៧ ក្នុងនាមជាសមាជិកម្នាក់របស់ Girls' Generation Seohyun បានសម្ដែងលើកដំបូងក្នុងខ្សែភាពយន្តរឿង «Passionate Love» របស់ SBS នៅឆ្នាំ២០១៣ ហើយនៅឆ្នាំ ២០១៧ នាងក៏បានចាកចេញពី SM Entertainment បន្ទាប់ពីចប់កិច្ចសន្យា។

បច្ចុប្បន្ន Namoo Actors បានប្រមូលផ្តុំទៅដោយតារាសម្តែងល្បីៗជាច្រើនដូចជា Ji Sung, Lee Joon Gi, Park Min Young, Moon Geun Young, Shin Se Kyung, Yoo Joon Sang, Chun Woo Hee និងតារាប្រុសស្រីជាច្រើនរូបទៀត៕