(ភ្នំពេញ)៖ អ្នកនាង កែវ ចាន់និមល ត្រូវបានមហាជនដឹងថា គឺជាពិធីការិនីលំដាប់កំពូលមួយរូប ដែលមានភាពល្បីល្បាញខ្លាំង ក្នុងប្រទេសកម្ពុជា ខណៈរាល់កម្មវិធីលំដាប់ថ្នាក់ពិភពលោកភាគច្រើន គឺមានវត្តមាននាងជានិច្ច ក្នុងការសម្របសម្រួលកម្មវិធី។ យ៉ាងណាមិញ ក្រៅពីមានសមត្ថភាពខ្ពស់ផ្នែកពិធីករ និងមានរូបសម្បតិ្តស្រស់ស្អាត សមសួនហើយនោះ បើនិយាយពីអត្តចរិកអ្នកនាងវិញ គឺរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួន និងគួរឱ្យគ្រប់គ្នាគោរពសរសើរជាខ្លាំង សូម្បីតែប្រធានសមាគមន៍សិល្បការខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏លាន់មាត់សរសើរមិនដាច់ពីមាត់ដែរ។

ដោយទប់អារម្មណ៍មិនសរសើរមិនបាន ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការបញ្ចេញពាក្យពេជន៍យ៉ាងដូច្នេះថា «លើកទីមួយ ដែលខ្ញុំទំនាក់ទំនងការងារជាមួយគាត់ គាត់ពិតជាគួរឱ្យគោរព មិនសរសើរពីអត្តចរិតធ្វើការរបស់គាត់មិនបាន មិនប្រកាន់ថាមានការរាំងស្ទះប្រព័ន្ធការងារផ្លាស់ប្តូរភ្លាមៗ ឬ យ៉ាងណាទេ គឺនៅតែទន់ភ្លន់ ញញឹម មិនខឹង ហើយធ្វើការបានរលូនល្អ ប្រកបដោយភាពមេត្តានិងអធ្យាស្រ័យទៀត។ ពិតជាគួរឱ្យគោរពណាស់ អរគុណសំរាប់ការងារម្សិលមិញណាអូន
គាត់សាកសម ជាពិធីការនីលំដាប់កំពូលមែន ជាពិសេសអត្តចរិតធ្វើការរបស់គាត់ Chan Keo Nimol»

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលពិធីការិនី អ្នកនាង កែវ ចាន់និមល ទទួលបាននៅការកោតសរសើរពីមនុស្សជុំវិញខ្លួន ខណៈជារឿយៗមិនថា អ្នកសិល្បៈ ក្នុងក្រៅរង្វង់សិល្បៈទេ សុទ្ធតែតែសរសើរពីអ្នកនាងគ្រប់គ្នា ថាមិនត្រឹមតែស្រស់ស្អាត និងមានសមត្ថភាពនោះទេ ចំណែកឯចារិកលក្ខណៈក៏សមសួន គួរឱ្យគោរពស្រឡាញ់ រាប់អាន ទាំងការនិយាយស្តីគឺ មានសុជីវធម៌ បង្កប់ដោយស្មាមញញឹមប្រិមប្រិយ។ អ្វីដែលពិសេស ទោះបីជាមានគ្រួសារ មានបុត្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ក្តី តែសម្រស់មិនចាញ់អ្នកនៅលីវនោះទេ។

សូមជម្រាប់ថា អ្នកនាង កែវ ចាន់និមល គឺជាពិធីការិនីមួយរូប ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស។ អ្នកនាង តែងតែធ្វើឱ្យក្រុមការងារ មានទំនុកចិត្តខ្ពស់ ពេលបង្ហាញវត្តមាន ជាពិធីការិនីរាល់កម្មវិធីធំៗ ក្នុងនោះមានដូចជា «The Voice Cambodai», «Cambodian Idol» និងកម្មវិធីធំៗផ្សេងទៀតជាដើម៕