(ភ្នំពេញ)៖ កញ្ញា បាន មុន្នីល័ក្ខ ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដ៏ស្រស់ស្អាត និងមានសំនៀងពិរោះរណ្តំ ត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់នោះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ អ្វីដែលពិសេស នាងនឹងមកបកស្រាយនូវមន្ទិលសង្ស័យនានា ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ ទាក់ទងនឹងជីវិតសិល្បៈ ការងារបច្ចុប្បន្ន និងឯកសារសំងាត់មានក្នុងទូរស័ព្ទដែលបាត់ទៅជាដើម។

ជាការកត់សម្គាល់ កញ្ញា បាន មុន្នីល័ក្ខ បន្ទាប់ពីបង្ហាញវត្តមានក្នុងកម្មវិធី «The Voice Cambodia» រួចមក គេសង្កេតឃើញថា ទីផ្សារសិល្បៈរបស់នាង ហាក់ឡើងកូដខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទោះមិនបានទទួលជយលាភីក្នុងកម្មវិធីក្រៅ។ បច្ចុប្បន្នតារាស្រីរូបនេះ ក៏កំពុងត្រូវប៉ាន់ខាងច្រៀងក្នុងកម្មវិធីមង្គលការ ឬការប្រគុំតន្ត្រីតាមខេត្តនានា ដែលធ្វើឱ្យចំណូលរបស់នាង កើនឡើង ធ្វើឱ្យស្រីស្រស់រូបនេះ មានរបស់ទាន់សម័យ សម្ភារៈទំនើបៗប្រើប្រាស់ ខណៈថ្មីៗនេះ លោកចោរទើបតែលួចទូរស័ព្ទសេរីទំនើប I Phone X Max របស់នាងទៅមួយគ្រឿង។

ជាមួយគ្នានេះ ងាកមកបរិបទការងារក្នុងវ័ស័យសិល្បៈវិញ ថ្មីៗនេះ មានចំហាយថា នាងបានផ្លាស់ពីផលិតកម្ម We Production ដែលជាបុត្រសម្ព័ន្ធហង្សមាស ចូលទៅផលិតកម្មសាន់ដេ តែរឿងនេះ នៅមិនទាន់មានការបញ្ជាក់ប្រាប់ពីសាមីខ្លួន កញ្ញា បាន មុន្នីល័ក្ខ នៅឡើយទេ។

ទាក់ទងរាល់ចម្ងល់ទាំងនេះ កញ្ញា បាន មុន្នីល័ក្ខ នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕