(ភ្នំពេញ)៖ កាន់តែកៀកចូលដល់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គេសង្កេតឃើញ តារាចម្រៀង​ក្នុងផលិតកម្មផ្សេងៗ បានធ្វើការបញ្ចេញនូវបទចម្រៀង របស់ខ្លួនជាបន្តបន្ទាប់ ដែលមានលាយឡំសឹងតែគ្រប់ចង្វាក់​ទាំងអស់។ យ៉ាងណាមិញ សម្រាប់តារាចម្រៀងស្រី ល្បីឈ្មោះ​ក្នុងទ្រនំសាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះ នាងបានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទទៀតហើយ ជាចង្វាក់ម៉ាឌីហ្សុន ​មានចំណងជើងថា «ម៉ាឌីហ្សុន HIP HOP» ពិតជាពីរោះប្លែក។

ជាការពិត បទចម្រៀងថ្មីរបស់ តារាចម្រៀង កញ្ញា សុខ ពិសី ​មានចំណងជើងថា «ម៉ាឌីហ្សុនHIP HOP» កំពុងតែធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ខណៈដែលនេះ អាចនិយាយបានថា វាជាលើកទី១ ដែលតារាចម្រៀងស្រីរូបនេះ ច្រៀងបទចម្រៀងដែលជាចង្វាក់ម៉ាឌីហ្សុន ដោយសព្វមួយដង ធ្លាប់តែឃើញនាងច្រៀងតែបទមនោសញ្ចេតនា ញាក់កន្រ្តាក់អារម្មណ៍ និងចង្វាក់ប្រពៃណីខ្មែរ ដែលមានដូចជាចង្វាក់រាំវង់ ជាដើម សម្រាប់ត្រៀមអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​។

ទោះបីជានេះជាលើកទី១ សម្រាប់តារាចម្រៀង សុខ ពិសី បានបកស្រាយបទចម្រៀង ដែលជាចង្វាក់ម៉ាឌីហ្សុនក៏ពិតមែន ប៉ុន្តែគេសម្គាល់ឃើញ ចម្រៀងមួយបទនេះ ពិតជាមានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ពីទស្សនិកជន តាមរយៈទឹកដមសំឡេង យ៉ាងពីរោះ របស់នាង ខណៈដែលបទនេះទើបតែចេញជា Dance Version ប៉ុណ្ណោះ តែមានអ្នកចូលទស្សនា យ៉ាងច្រើនបាត់ទៅហើយ។

ចង់ដឹងថា «ម៉ាឌីហ្សុនHIP HOP» របស់ តារាចម្រៀង កញ្ញា សុខ ពិសី ពិរោះ និងប្លែកខ្លាំងយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ នូវបទចម្រៀងមួយបទនេះទាំងអស់គ្នា៖