(ភ្នំពេញ)៖ ក្រុមចម្រៀងជាក្រុមដ៏ល្បីល្បាញរបស់ប្រទេសថៃ មានឈ្មោះថា «BNK48» បានសម្រេចចុះអនុស្សារ ណៈយោគយល់គ្នា (MOU) បង្កើតកម្មវិធីមួយ បង្ហាញពីសកម្មភាពរបស់ក្រុម BNK48 នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ លេស៥ (TV5) ក្នុងរយៈពេល៥ឆ្នាំ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះក្រុមរបស់ខ្លួន ឲ្យកាន់តែល្បីល្បាញខ្លាំង នៅក្នុង ប្រទេសកម្ពុជា ខណៈក្រុមតារាចម្រៀងនេះ មានភាពល្បីល្បាញរួចមកហើយ នៅក្នុងតំបន់អាស៊ី។

លោក ហួង តារាមុន្នី នាយកផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានអះអាងថា គោលបំណងនៃកិច្ចព្រមព្រៀង នេះ គឺ ក្រុម BNK48 នឹងកាន់តែល្បីនៅកម្ពុជា តែកម្ពុជាក៏អាចដាក់បញ្ចូល សមាសភាពតំណាងខ្លួនក្នុងក្រុម ដើម្បីឲ្យកាន់តែស្គាល់ពីការរីកចំរើន នៃវិស័យចម្រៀងខ្មែរ។ លោកនឹងជ្រើសយកយុវវតីវ័យក្មេងកម្ពុជាមួយរូប ឲ្យទទួលការបណ្ដុះបណ្ដាល នៅក្នុងក្រុមនេះ ដើម្បីឲ្យក្លាយជាសមាជិកក្រុមពេញសិទ្ធិ ក្នុងពេលខាងមុខ។

លោកបន្តថា ក្រុមចម្រៀងនារី BNK48 មិនមែនគ្រាន់តែល្បីនៅក្នុងប្រទេសថៃនោះទេ តែក៏ល្បីនៅក្នុងតំបន់អាស៊ី និងបណ្ដាប្រភាគភាគច្រើន នៅលើពិភពលោកផងដែរ ដោយក្រុមមួយនេះបានកៀរគរ សមាជិករហូតដល់ ៥៨ប្រទេសមកទល់ពេលនេះ។ ដោយសារតែក្រុមមួយនេះ កាន់តែល្បី និងមានការគាំទ្រជាសាកលខ្លាំងឡើងៗ បែបហ្នឹងនោះហើយ ទើបប៉ុស្តិ៍លេខ៥ ឈានដល់ការចុះ MOU ឬ អនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើតកម្មវិធី មួយ បង្ហាញពីសកម្មភាពរបស់ក្រុម BNK48 នៅ TV5 ក្នុងរយៈពេល៥ឆ្នាំ ដោយ TV5 ក៏មានសិទ្ធិអញ្ជើញក្រុមនេះ ឲ្យមកសម្ដែងនៅពេលណាក៏បាន។

លោកបន្ថែមថា ក្នុងកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានសិទ្ធិស្នើអ្នកមានសមត្ថភាពមួយរូប ឲ្យក្លាយជាសមាជិកថ្មី ក្នុងក្រុមចម្រៀង BNK48 ដើម្បីឲ្យក្លាយជាសមាជិកថ្មី មួយដូចគ្នានឹងប្រទេសចំនួន៥៨រួចមកហើយ ដែលបាន ក្លាយជាសមាជិក ក្នុងក្រុមនេះ។

សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខាគេឃើញក្រុមនេះ ដែលមកបង្ហាញខ្លួនចំនួន៦រូប ធ្វើឲ្យកក្រើកផ្សារ ទំនើបអ៊ីអន១តែម្ដង ដោយឃើញមានហ្វេនគាំទ្រយ៉ាងណែនតាន់តាប់ មកហ៑ោកញ្ជ្រៀវដល់កន្លែងពិធី។ ក្រុមនេះ ក៏បានបកស្រាយបទចម្រៀងខ្មែររួមគ្នា ធ្វើឲ្យអ្នកទស្សនាជាហ្វេននៅកម្ពុជាអបអរសាទរ និងរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃនោះផងដែរ៕