(ភ្នំពេញ)៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ី បានដាក់ក្ដីរំពឹងថា ឆ្នាំនេះក្រុមរបស់លោក នឹងនឹងធ្វើបានកាន់តែល្អប្រសើរ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ បន្ទាប់ពីមានការពង្រឹង និងមានការប្ដេជ្ញាចិត្តខ្ពស់របស់កីឡាករក្នុងស្រុក ។

ការអះអាងរបស់ម្ចាស់ពានគ្រូបង្វឹកមានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៨ រូបនេះ ដោយសារលោកសង្កេតឃើញធនធានកីឡាករក្នុងស្រុករបស់បឹងកេត មានកម្រិតខ្ពស់ជាងឆ្នាំមុន ស្របពេលថ្នាក់ដឹកនាំក្លឹប ក៏ផ្ដោតលើការអភិវឌ្ឍន៍ធនធានកីឡាករក្នុងស្រុកដែរ ។ ហេតុនេះ លោកមានជំនឿចិត្តថា ពានសម្ដេចតេជោ នារដូវកាលថ្មី បឹងកេត មានលទ្ធភាពអាចដណ្ដើមបានលទ្ធផលល្អប្រសើរជាងរដូវកាលមុន ។

សូមរំឮកថា គិតត្រឹមឆ្នាំ២០១៨ បឹងកេត បានចូលរួមលេងលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន បាន ៧រដូវកាលដូចគ្នា តែក្នុងពានប្រើប្រាស់ដោយធនធានកីឡាករក្នុងស្រុកនេះ ឬពានសម្ដេចតេជោ ហ៊ុន សែន បឹងកេតមិនធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងឡើយ គឺបានត្រឹមលេខ៣ ម្ដង និងលេខ៤ ម្ដងប៉ុណ្ណោះ ។ ផ្ទុយពីលីគកំពូលកម្ពុជា ដែលបឹងកេត ធ្លាប់ជោគជ័យលើកពាន ៣លើកឯណោះ កាលពីឆ្នាំ២០១២, ២០១៦ និងឆ្នាំ២០១៧៕