(ប៉ារីស)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានធ្វើការវាយបកឈ្នះក្រុមបារាំង Paris Saint-Germain ៣-១ ក្នុងជើងទី២ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ដ៏គួរឲ្យភ្ញាក់ផ្អើល។

ក្រុមអង់គ្លេស Man Utd បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាមួយ Tottenham Hotspur, Ajax និង FC Porto ដោយសារគ្រាប់ចំណេញក្រៅដី ខណៈបានរបូត ២គ្រាប់ក្នុងកីឡដ្ឋាន Old Trafford កាលពីជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ តែធ្វើការវាយបកបាន ៣ក្រៅដីវិញក្នុងផ្ទះរបស់ PSG ក្នុងកីឡដ្ឋាន Parc des Princes ដែលស្ថិត ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

៣គ្រាប់របស់បិសាចក្រហម ធ្វើបានសម្រេចដោយកីឡាករស្បែកខ្មៅ Romelu Lukaku ចំនួន២គ្រាប់នៅនាទីទី២ និងនាទី៣០ មុនពេលមិត្តរួម Marcos Rashford ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៩០+៤ ដោយបាល់ប៉េណាល់ទី ក្នុងខណៈកីឡាករខ្សែបម្រើការពារ Bernat ធ្វើបានសម្រេចតែ១គ្រាប់ឲ្យម្ចាស់ផ្ទះនៅនាទីទី១២ តែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា នៅពេលនេះរកឃើញ ៤ក្រុមហើយដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League នារដូវកាលនេះរួមមាន Tottenham Hotspur និង Manchester United របស់អង់គ្លេស, Ajax របស់ហូឡង់ និង FC Porto របស់ព័រទុយហ្គាល់ ដែលបានយកឈ្នះ Roma ៣-១ ក្នុងនាទីបន្ថែមយប់មិញនេះដែរ៕