(ឡាស់វេហ្គាស់)៖ កីឡាករវ៉ៃក្នុងទ្រុង UFC សញ្ជាតិប្រេស៊ីល Johnny Walker បានរងរបួសគ្រេចស្មាខាងឆ្វេង ដោយសារភ្លាត់ស្នៀតក្នុងស្ទីលអបអរជ័យជម្នះទៅលើគូប្រកួតជនជាតិកាណាដា Misha Cirkunov កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅលើទីលាន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ការទទួលរងរបួសដោយមិននឹកស្មានដល់នេះដែរ បន្ទាប់ពីកីឡាករ Walker បានប្រើពេលតែ ៣៦វិនាទី យកឈ្នះគូប្រជែង Cirkunov ដ៏លឿន ធ្វើឲ្យរំភើប និងអបអរដល់ថ្នាក់ភ្លេចរហូតដល់មានរបួសបែបនេះ ក្នុងការប្រកួតប្រភេទ UFC ទម្ងន់ធ្ងន់ ដែលបានផ្តួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១ ក្នុងការប្រកួត ៥ទឹក។

កីឡាករប្រេស៊ីល វ័យ២៦ឆ្នាំរូបនេះបានប្រើក្បាច់ជង្គង់ហោះចំចង្ការរបស់ដៃគូ ដែលធ្វើឲ្យគេសន្លប់ភ្លាមៗត្រឹមរយៈពេល ៣៦វិនាទីប៉ុណ្ណោះ ដែលជាជ័យជម្នះលើកទី១៧ ក្នុងចំណោមឡើងសង្វៀនបាន ២០ប្រកួត និងធ្លាប់ចាញ់ ៣ដង និងផ្តួលដៃគូឲ្យសន្លប់បាន ១៤ដង៕