(ភ្នំពេញ)៖ អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេតអែហ្វស៊ី លោក បែ មករា បានរៀបរាប់ថា «ដូចយើងដឹងហើយថា កែបមានបរិយាកាសល្អ វា Fresh សម្រាប់កីឡាករក្នុងការប្រមូលអារម្មណ៍ល្អដើម្បីហ្វឹកហាត់ និងត្រៀមសម្រាប់រដូវកាលថ្មីដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ»

មូលហេតុជ្រើសរើសយកខេត្តកែបជាកន្លែងបោះជំរុំហ្វឹកហាត់ មុនឈានជើងចូលរដូវកាលថ្មីឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ព្រោះយល់ថា ជាទីតាំងល្អ មានផាសុកភាព ងាយស្រួលក្នុងការប្រមូលផ្ដុំអារម្មណ៍ហ្វឹកហាត់សម្រាប់កូនក្រុម។

ការធ្វើដំណើរទៅបោះជំរុំនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺបានប្រព្រឹត្តទៅចំនួន ៤ថ្ងៃ ដោយអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលនេះបានចេញដំណើរកាលពីថ្ងៃចន្ទ ទី០៤ ខែមីនា និងគ្រោងវិលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនាស្អែកនេះ។

ក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមប្រកួតផ្លូវការចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែមីនាតទៅ ដោយមាន១៤ក្រុមចូលរួមប្រជែងជើងឯក ខណៈក្រុមណាហ្គាវើល ជាជើងឯកនារដូវកាលឆ្នាំ២០១៨ ដោយបឹងកេត ជាជើងឯករង៕