(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀត មានចំណងជើងថា «លោកប្ដី» ដែលជាស្នាដៃដឹកនាំសម្តែងថ្មី​ របស់នាយ ពែក មី ត្រូវបានទស្សនិកជនលើកឡើងថា ​រឿងនេះ​បានដកស្រង់ចេញពី​រឿងពិតមួយចំនួន ដែលសង្គមកំពុងជួបប្រទះ និងជាបញ្ហារសើប កើតមានក្នុងគ្រួសារជាច្រើន ពិសេស គឺរឿងប្តីមានស្រីខាងក្រៅតែម្ដង។ ​ទោះជាយ៉ាងណាភាពយន្តនេះ ​មានឈុតឆាកខ្លះ ដែលសម្ដែងដោយលោក ពែកមី ក៏​លោកធ្លាប់ជួបផ្ទាល់ផងដែរ ដែលធ្វើឲ្យលោកអាចសម្ដែងបានយ៉ាងល្អ ក្នុងឈុតឆាកនីមួយៗ​​។

​ជាការពិត នាល្ងាចថ្ងៃទី៥ ខែមីនានេះ រោងភាពយន្តទំនើប Major ស្ថិតនៅក្នុងផ្សារទំនើបអ៊ី​អន១ រាជធានីភ្នំពេញ មានការរៀបចំពិធីសម្ពោធជាផ្លូវការនូវវណ្ណកម្មថ្មីរឿង «លោកប្តី» ជាការសាងថ្មីមួយទៀត របស់ផលិតកម្មអិលឌីភាពយន្ត។ រឿងនេះ ត្រូវបានគេមើលឃើញថា រំលេចសុទ្ធតែតួអង្គសំខាន់ៗចូលរួម ក្រោមការនិពន្ធ និងដឹកនាំរឿង ដោយតារាកំប្លែង ពែកមីផ្ទាល់។

នាយ ពែក​មី ជាតួអង្គ និងជាអ្នកដឹកនាំសម្ដែងផងនោះ បានលើកឡើងថា រឿងនេះលោកបានដកស្រង់ចេញពី​រឿងពិតមួយចំនួន ដែលសង្គមកំពុងជួបប្រទះ និងជាបញ្ហារសើបកើតមាន ក្នុងគ្រួសារជាច្រើន ពិសេសគឺរឿងប្តីមានស្រីខាងក្រៅ។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ឈុតឆាកខ្លះក៏លោកធ្លាប់ជួបផ្ទាល់ផងដែរ ទើបបង្កើតមានជារឿងមួយនេះបាន។ លោកថាតួប្តីសម្តែងដោយលោកផ្ទាល់ ហើយប្រពន្ធដើមសម្តែង ដោយ​នាងខ្ញុង ខណៈដែលស្រីកំណាន់ខាងក្រៅ គឺសម្តែងដោយកញ្ញាឯក ហេង ចន្ថា។

ចំណែកអ្នកនាង ខ្ញុង ជាតួអង្គសំខាន់នៅក្នុងរឿង​ ក៏បានឲ្យ​ដឹងថា នាងសម្រេចចិត្តសម្តែងរឿង «លោកប្តី» គឺព្រោះតែចង់បង្ហាញឲ្យ​បុរសទាំងឡាយ គួរពិចារណាគិតដល់ចិត្តប្រពន្ធផង ធ្វើអ្វីត្រូវយល់គ្នា។ ក្នុងសាច់រឿងនោះ នាងដើរតួឆាល់ដែរ តែទប់អត់ជាប់ជាមួយប្តី ដែលខូច​ពោរពេញដោយល្បិចច្រើនបំផុត។​ មនុស្សស្រីជាមេផ្ទះ ទោះបែបណា គឺទ្រាំ ហើយចុងបញ្ចប់ប្តីដឹងខ្លួនកែ តែនៅឆ្លៀតខិលខ្លះៗ យ៉ាងណាក៏​​គិតពី​ប្រពន្ធ និង​​កូន​ឲ្យ​ច្រើន។

អ្នកនាងបន្តថា ​រឿងនេះមានឈុតឆាកកំប្លែង និងកម្សត់មួយចំនួន ដែលបង្កប់ដោយទស្សនៈអប់រំ។ ​ក្នុងរឿងនេះ នាងមានឈុតឆាកសម្រក់ទឹកភ្នែកច្រើន ព្រោះតែប៉ះប្តីកំពូលល្បិចតាមមិនទាន់។​ ភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីស្ថានភាពពិត ក្នុងគ្រួសារមួយចំនួន ដែលធ្លាប់ជួបរឿងនេះ ហើយនាងយល់ថាភាពយន្តនេះ ក៏នឹងជួយជំរុញលើកទឹកចិត្តស្ត្រី និងកែប្រែអត្តចរិតប្តីកំហូច មួយចំនួនផងដែរ។

សូមបញ្ជាក់ថា រឿង «លោកប្តី» និងធ្វើការចាក់បញ្ចាំងជាផ្លូវការ តាមរៀងភាពយន្តទំនើបនានា នៅថ្ងៃទី៧ មី​នា ឆ្នាំ២០១៩ ​នេះតទៅ ដោយអ្នកស្នេហាជឿទុកចិត្តលើផលិតកម្មអិលឌី អាចទិញ និងកក់សំបុត្រឲ្យ​ហើយ ព្រោះការបញ្ចាំងនេះ ក៏ដើម្បី​អបអរទិវាសិទ្ធិនារី​អន្តរជាតិ ៨ មិនាផងដែរ។ រឿង«លោកប្តី»ជាភាពយន្តដែលនិយាយពីស្វាមីខិលខួច មានល្បិចដាក់ប្រពន្ធ មិនបានប្រើហឹង្សាអ្វីនោះទេ តែចិត្តស្ត្រីជាប្រពន្ធ គឺគ្រាំចិត្តស្ទើរតែក្អួតឈាម ព្រោះទង្វើប្តីកំហូច។

ក្នុងឱកាសសម្ពោធរឿង «លោកប្តី»នេះ ក្រោម​វត្តមានតារាចូលរួម អ្នកនាង ចន ចន្ទ័លក្ខិណា និងស្វាមី, លោក ឡេង ណាវ៉ាត្រា និងភរិយា, លោកតា​ វ៉ិច ទ័រ និងភរិយា, កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍, លោក មួន ម៉ារ៉ា និងភរិយា, លោក រ៉ូណាន, លោក ទ្រី តារាវុធ, កញ្ញា សម សុជាតារ៍, លោក ឈុន សុវណ្ណភក្តី និង សុវណ្ណ រ៉ាផា, កញ្ញា នីឡា, កញ្ញា ចាន់ថា នាយគ្រឿន, លោក សឿន វិតា, សុខ ស្រីលក្ខណ៍ និងស្វាមី ព្រមទាំងតួជាច្រើនទៀត៕