(ភ្នំពេញ)៖ អ្នកនិពន្ធចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ហ៊ាន ម៉េង​ហួរ បានចេញមុខសុំទោសជាសាធារណៈ ចំពោះកំហុសដ៏ធំរបស់ខ្លួន ដែលបានចំឡងបទមរតកដើម មកឲ្យ នាយចឺម ច្រៀង ថែមទាំងកែទំនុកច្រៀងថ្មី ធ្វើឲ្យបាត់តម្លៃស្នាដៃ និងប្រភពដើមទៀតផង។ បន្ទាប់ពីមហាជន និង​ក្រុមគ្រួសាររបស់កវីនិពន្ធ​ឆ្នើម គ​ង្គ ប៊ុន​ឈឿន សម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងរួចមក និងត្រៀមឯកសារព្រមានប្ដឹងរួចមក នៅពេលនេះ ខាងផលិតកម្មសាន់ដេ ដែលតំណាងដោយ​លោក ហ៊ាន ម៉េងហួរ បានចេញមុខមកទទួលកំហុស​ ដោយលុបចម្រៀងកែថ្មីនេះចោល ពីផេកហ្វេសប៊ុក និង​យូធូបរបស់ខ្លួនតែម្តង។

ជាការពិត មួយរយៈចុងក្រោយនេះ មានការរិះគន់ ក៏ដូចជាការមិនពេញចិត្តជាខ្លាំង ពីសំណាក់មហាជនទូទៅ ចំពោះផលិតកម្មសាន់ដេ ក្រោយបញ្ចេញនូវបទ «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា​» ច្រៀងដោយ នាយ ចឺម ខណៈបទនេះ ត្រូវបានគេមើលឃើញថា បានចំឡងបទមរតកដើម «នឹកភូមិភ្នំធំ»​ មកច្រៀង និងកែទំនុងច្រៀងថ្មី ធ្វើឲ្យបាត់បង់ប្រភពដើម​។ សកម្មភាពបែបនេះ បានផ្ទុះនូវការ​ចម្រូងចម្រាស​ជាខ្លាំង ចំពោះទស្សនិកជន និងទទូចឲ្យខាងផលិតកម្មបកស្រាយ ឬលុបបទនេះចោលតែម្តង ខណៈក្រុមគ្រួសារ កវីនិពន្ធ​ឆ្នើម គ​ង្គ ប៊ុន​ឈឿន ក៏មិនពេញចិត្តដែរ ដល់ថ្នាក់​​រៀបចំ​ឯកសារ​បំរុងដាក់ពាក្យ​ទៅ​តុលាការ​ទៀតផង លើករណីអ្នកនិពន្ធ សាន់ដេ ចំឡងស្នាដៃមរកតដើមរបស់ខ្លួន យកទៅកែបែបនេះ។

ជាមួយគ្នានេះ លោក ហ៊ាន ម៉េងហួរ ដែលជាអ្នកនិពន្ធចម្រៀង «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា​» បានចេញវីដេអូមួយ ដើម្បីសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ឆ្គងរបស់ខ្លួន ដោយនិយាយមានខ្លឹមសារថា លោកចេញវីដេអូនេះ ដើម្បីសុំទោសជាសាធារណៈចំពោះសាធារណៈជន ជាពិសេសសុំទោសដល់វិញ្ញាណ​ក្ខន្ធ កវីនិពន្ធ​ឆ្នើម គ​ង្គ ប៊ុន​ឈឿន និងក្រុមគ្រួសារ ដែលខ្លួនបានយកចម្រៀងមរតកដើម ដែលមានចំណងជើងថា «នឹកភូមិភ្នំធំ»​ ឬ «ថ្ងៃដែលអូនចុកឈាម» មកកែប៉ារ៉ូល ដោយសារតែលោកនៅក្មេងវ័យមិនបានគិតវ័យឆ្ងាយ។

លោកបន្តថា បន្ទាប់ពីបទនេះ បានបង្ហោះភ្លាម ធ្វើឲ្យក្រុមគ្រួសារលោក គ​ង្គ ប៊ុន​ឈឿន និងទស្សនិកជនមិនសប្បាយចិត្ត ដូច្នេះខាងក្រុមហ៊ុនក៏សម្រេចលុបបទ «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា​» ចោលពីផេកផ្លូវការរបស់ក្រុមហ៊ុន និងធូយូប ស្របទៅនឹងការស្នើ​សុំរបស់​ប្រធានសមគមន៍សិល្បៈ។

សូមជម្រាបថា បទ «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូចគ្នា​» ចម្រៀងដោយនាយ ចឺម ពេលនេះ បានលុយចោលពីផេករបស់សាន់ដេ និងយូធូបជាផ្លូវការហើយ ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាសនានា និងដើម្បីរក្សានូវទម្រង់សិល្បៈមកតកដើម ឲ្យបានគង់វង្សឡើងវិញ៕