(ភ្នំពេញ)៖ តារាចម្រៀងខ្មែរសូរិន្ទ ដែលមួយរយៈមុនឮដំណឹងថា ចូលប្រឡូកក្នុងឆាកនយោបាយនៅប្រទេសថៃ គឺលោក យុង យុយ មាន​ឈ្មោះដើមថា គង់ មានជ័យ ជាតារាប្រចាំផលិតកម្មថោននោះ ថ្មីៗនេះលោកបានបញ្ចេញនូវស្នាដៃចម្រៀងមួយបទ ក្រោយចំណងជើងថា «ក្មេងៗសម័យឥឡូវ» ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន ដោយសារបទនេះ ត្រូវចិត្តទស្សនិកជន និងបានបង្កប់នូវអត្ថន័យអប់រំជាច្រើន ដល់យុវជននាពេលបច្ចុប្បន្ន។

ជាក់ស្តែង បទថ្មីនេះ ចេញមិនទាន់បានចំអិនកំពឹសផង ក៏មានការបញ្ចេញមតិកោតសរសើរ និងគាំទ្រយ៉ាងច្រើន ពីទស្សនិកជនក្នុងបណ្តាញសង្គម ចំពោះខ្លឹមសារបទចម្រៀង និងទំនុកភ្លេង ក៏ដូចជាសំនៀងមានទឹកដម ពិរោះរណ្តំពីសំណាក់លោក យុង យុយ ជាដើម។ អ្វីដែលពិសេស ពាក្យពេចន៍ក្នុងចម្រៀង មានរំលេចនូវសារអប់រំដល់ក្មេងៗ យុវជនជំនាន់ក្រោយ ទាក់ទងនឹងការច្រៀងរាំបទបែកស្លុយ ចំលងពីបរទេស មិនរាំបទប្រពៃណីខ្មែរ និងឱ្យយុវជនរួមគ្នាលើកកម្ពស់វប្បធម៌ជាតិសាសន៍ខ្មែរ និងសារច្រើនទៀតផងដែរ។

ទាក់ទងនឹងបទថ្មីរបស់ យុង យុយ ដែលមានចំណងជើងថា «ក្មេងៗសម័យឥឡូវ» នេះ សូម្បីតែតារារួមទ្រនំ គឺលោក ខេម ក៏ធ្វើការកោតសរសើរមិនដាច់ពីមាត់ផងដែរ ដោយក្នុងនោះ ខេម បានបង្ហោះសារក្នុងបណ្តាញសង្គមរបស់ខ្លួនថា «បង្ហោះបទគេមួយទៀតហើយ ត្រូវរឿងពេក បង យុង យុយ អើយ ចំៗពេកហើយ»។ ការលើកឡើងបែបនេះពីសំណាក់លោកខេម គឺមិនខុសពីការគាំទ្របទនេះពេញទំហឹងនោះទេ។

ងាកមករកទស្សនិកជនវិញ ក៏បានលើកឡើង តាមរយៈ Comment ដែរថា «អត្ថន័យល្អណាស់បង មានទាំងពាក្យអប់រំទូន្មានបានល្អទៀត ខ្ញុំចូលចិត្តចម្រៀងប្រពៃណីបែបហ្នឹងខ្លាំងណាស់» ខណៈខ្លះទៀតលើកឡើងថា «បទនេះពិតជាមានន័យណាស់បង ខ្ញុំចូលចិត្តបទចម្រៀងគ្រប់បទ ដែលចេញពីផលិតកម្មថោន ព្រោះពួកគាត់ពូកែនិពន្ធបទចម្រៀង ដែលត្រូវទៅនិងសង្គមយើងថ្ងៃខ្លាំងណាស់។»

តោះ! ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចតទៅ៖