(ភ្នំពេញ)៖ កម្ពុជាបានកំណត់ប្រទេសមានសក្ដានុពលផ្នែកវិស័យកីឡាចំនួន៣ ក្នុងតំបន់អាស៊ីរួមមានចិន ជប៉ុន និងកូរ៉េ សម្រាប់បញ្ជូនអត្តពលិកទៅហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ កម្ពុជា នឹងពង្រឹងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅស្រុក ដោយសម្រួចតែប្រទេសមានសក្ដានុពល និងក្រៅពីតំបន់អាស៊ាន ដើម្បីធានាការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព និងចៀសឆ្ងាយពីការចាប់ចំណុចខ្សោយរបស់ប្រទេសគូប្រជែង ដែលជាបេក្ខភាពចូលរួមប្រកួតកីឡាស៊ីហ្គេមដូចគ្នា។

ដោយហេតុនេះ លោកបានសម្លឹងឃើញប្រទេសចំនួន៣ រួមមានចិន ជប៉ុន និងកូរ៉េ គឺជាប្រទេសមានសក្ដានុពលជាងគេ ក្នុងវិស័យកីឡាលើពិភពលោក ទាំងបទពិសោធន៍ បច្ចេកទេស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលកម្ពុជា កំពុងធ្វើកិច្ចសហប្រតិបត្តិការ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីបើកផ្លូវឲ្យអត្តពលិកកម្ពុជា មានឱកាសចេញទៅហ្វឹកហាត់ទៅតាមជំនាញកីឡារបស់ប្រទេសនីមួយៗ។

សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ កំពុងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីឈានទៅសម្រេចផែនការប្រកបដោយភាពជោគជ័យ និងផ្លែផ្កាល្អប្រសើរ ពិសេសគឺការដណ្ដើមមេដាយ។ មកទល់ពេលនេះ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាកំពុងរៀបចំជាបណ្ដើរៗហើយ ដោយពុំមានការព្រួយបារម្ភនោះទេ តែអ្វីដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំង គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធានាការរៀបចំ និងការប្រកួតប្រជែងមេដាយតាមការចង់បានក្នុងនាមជាម្ចាស់ផ្ទះ៕