(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Real Madrid ដែលជាជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ១៣សម័យកាលច្រើនជាងគេ បានជ្រុះចេញពីរង្វាន់ធំនេះត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមហូឡង់ Ajax ក្នុងលទ្ធផល ១-៤ បញ្ចប់ជើងទី២ នាយប់មិញនេះ។

នេះជាការជ្រុះចេញពីក្របខណ្ឌកំពូល UEFA Champions Leauge ដ៏លឿនបំផុតជាលើកដំបូងក្នុងរយៈពេល ២២ឆ្នាំចុងក្រោយ របស់ក្រុមជើងខ្លាំងនៃប្រទេសអេស្ប៉ាញមួយនេះ ខណៈដែលពួកគេបានយកឈ្នះ Ajax ក្នុងលទ្ធផល ២-១ កាលពីជើងទី១។

កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Marco Asensio ជាអ្នកស៊ុតឲ្យក្រុមម្ចាស់ផ្ទះ Real Madrid តែ១គ្រាប់ប៉ុណ្ណោះនៅ នាទី៧០ ក្នុងកីឡដ្ឋាន Santiago Bernabeu ដែលស្ថិតក្នុងទីក្រុង Madrid ខណៈកីឡាករ៤រូបរបស់ Ajax មានដូចជា Ziyech, Neres, Tadic និង Schone សុទ្ធតែរកបានម្នាក់១គ្រាប់ដូចគ្នា ដើម្បីធ្វើការវាយបកឈ្នះក្រុមម្ចាស់ជើងឯក ៣សម័យកាលជាប់គ្នា Real Madrid ក្នុងលទ្ធផល ៥-៣ ទាំងពីរជើង។

យ៉ាងណាក៏ដោយ អេស្ប៉ាញនៅមាន ២ក្រុមទៀតផ្សេងទៀតដែលលេងក្នុង UEFA Champions League មុនពេល បញ្ចប់ជើងទី២ រួមមាន FC Barcelona និង Atletico Madrid៕