(រីយ៉ូ)៖ យោងតាមការចេញផ្សាយដោយ Liverpoolecho ដែលបានឲ្យដឹងថា លោក Pele ដែលជាវីរបុរសបាល់ទាត់របស់ប្រេស៊ីល បានលើកឡើងថា លោកមានក្ដីសង្ឃឹមថា ក្លឹបហង្សក្រហម Liverpool នឹងឈ្នះពានរង្វាន់ Premier League ឆ្នាំ២០១៩ នេះ បើទោះជាក្រុមមួយនេះ​បានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយក្រុម Everton ក្នុងការប្រកួតសប្ដាហ៍ទី២៨ កន្លងទៅក្តី។

លោក Pele បានសរសេរនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ថា រីករាយថ្ងៃខួប កំណើតវីរបុរសរបស់ Liverpool លោក Kenny Dalglish ដែលមានវ័យ ៦៨ឆ្នាំ ហើយខ្ញុំមានក្តីសង្ឃឹមថា ក្រុមហង្សក្រហមមួយនេះនឹងឈ្នះពាន Premier League ចាប់តាំងពីដើមរដូវកាល ហើយខ្ញុំនៅតែគិតថា ពួកគេអាចធ្វើបាន។

លោក Pele មានក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក Jurgen Klopp ទោះត្រូវបាត់បង់ ២ពិន្ទុ ក្នុងការប្រកួតទល់នឹង Everton ហើយត្រូវ​នៅឈរលេខរៀងទី២ ក្នុងតារាងពិន្ទុដោយការនាំមុខដោយក្លឹប Manchester City ក៏លោកជឿងថា Liverpool នៅតែអាចឈ្នះជើងឯកបាន៕