(ភ្នំពេញ)៖ អតីតតាចម្រៀង ​ត្រូវបានគេស្គាល់ថា ជាដៃគូដ៏ស័ក្តិសមបំផុត របស់តារាចម្រៀង អ្នកនាង កែវ ច័ន្ទសម្ផស្ស គឺលោក គង់ សុធារិទ្ធ ថ្មីៗនេះ លោកបានចេញបទចម្រៀងថ្មីមួយបទ នៅក្នុងផលិតកម្ម «BN» ដែលមានចំណងជើងថា «ពេលណាទើបចាំ» ​ធ្វើឲ្យទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអតីតតារាចម្រៀងរូបនេះ វិលត្រឡប់មកបកស្រាយចម្រៀងជាថ្មី ខណៈតារាចម្រៀងប្រុសរូបនេះ បានឃ្លាតឆ្ងាយ​ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ដោយលោកមានតួនាទី ជាមន្ត្រីក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមរយៈបទចម្រៀង មានចំណងជើងថា «ពេលណាទើបចាំ» ពីសំណាក់​អតីតតារាចម្រៀង ​មានឈ្មោះល្បីល្បាញ លោក គង់ សុធារិទ្ធ ​បានរៀបរាប់ពីការឈឺចាប់ដោយសារស្នេហា មនុស្សពីរនាក់ដែលបែកគ្នា ទាំងដែលចិត្តនៅស្រឡាញ់ ទោះព្យាយាមបំភ្លេច តែបេះដូងនៅដិតដាម នឹកគិតពីគេគ្រប់ពេល។ អត្ថន័យនេះ ពិតជាចាក់ចំ បេះដូងប្រិយមត្តទស្សនិកជន ជាពិសេសនោះ សមឡែងដ៏មានទឹកដម និងស្រទន់​របស់លោក គង់ សុធារិទ្ធ នៅតែដក់ជាប់​ក្នុងក្រអៅបេះដូង ឲ្យបណ្ដែតអារម្មណ៍តាមបទចម្រៀងនេះយ៉ាងខ្លាំង។

គួរបញ្ជាក់ថា លោក គង់ សុធារិទ្ធ ជាអតីតតារាចម្រៀង មួយរូបដែលមានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ប៉ុន្តែលោក​បានបាត់វត្តមាន ពីសិល្បៈជាច្រើនឆ្នាំ ដោយត្រូវបានគេដឹងថា បច្ចុប្បន្ន លោកមានតួនាទី ជាមន្ត្រីរាជការក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចង់ដឹងថា បទចម្រៀង «ពេលណាទើបចាំ» របស់​លោក គង់​ សុធារិទ្ធ ពិរោះ ចាក់ចំបេះដូង​អ្នកមានស្នេហា ខ្លាំងកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់នូវបទចម្រៀងមួយបទនេះ ទាំងអស់គ្នា៖