(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ លោក ឈឿន ឧត្តម ទស្សនិកជន ដែលនិយមស្តាប់បទមនោសញ្ចេតនាពីមុនៗ ប្រាកដជាស្គាល់ច្បាស់ហើយ ខណៈតារាប្រុសរូបនេះ បានចូលប្រឡូកខ្លួន ក្នុងវិថីសិល្បៈតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយបង្កើនបានប្រជាប្រិយភាព ល្បីល្បាញខ្លាំង តាមរយៈបទ ​«ខ្លាច​រកាដែក​», «​ឱប​ស្រមោល​», «​រនោច​ខែប្រាំង​» និង «​ទឹកភ្នែក​ជនពាល​» ​ជាដើម។ យ៉ាងណាមិញ បច្ចុប្បន្នវត្តមានរបស់លោក ហាក់បាត់ឈឹងតែម្តង ពីកម្មវិធីទូរទស្សន៍នានា និងមិនមានចេញចម្រៀងថ្មីទៀតនោះទេ ដោយសារមានបញ្ហាសុខភាព។ ទន្ទឹមគ្នានេះ ក៏ស្រាប់តែឮដំណឹងមួយថា លោកកំពុងត្រៀមខ្លួន ចេញទៅចម្រៀង និងសម្តែង នៅប្រទេសអូស្រ្តាលី ខណៈសុខភាពបា​នប្រសើរឡើងវិញ។

បើតាមប្រភពដែលជិតស្និត នឹងតារាចម្រៀងប្រុស​ ឈឿន ឧត្តម បានបង្ហើបប្រាប់ Fresh News និង Khmer Talking ថា ទោះបីលោក ឈឿន ឧត្តម មិនមានសកម្មភាពច្រើន ជាមួយជាជីពសិល្បៈ ដូចជាការឡើងឆាកតន្ត្រីតាមស្ថានីយទូរទស្សន៍ក្តី តែមិនមានន័យថា លោកឈប់ច្រៀងនោះទេ ពោលរាល់ថ្ងៃនេះ លោកបានទៅច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង ​ក្បែរ​ស្ថានទូត​ចិន។ មូលហេតុដែល លោកស្ងប់ស្ងាតមួយរយៈធំនេះ គឺមានកត្តាមួយចំនួន ដូចជា បច្ចុប្បន្នមានតារាចម្រៀងរះថ្មីជាច្រើន ជាហេតុធ្វើឱ្យទីផ្សារសិល្បៈរបស់លោក កប់បាត់ក្នុងបាត់សមុទ្រ មិនមានអ្នកនឹកឃើញ ហើយមូលហេតុមួយទៀត គឺលោក​មាន​ជំងឺ​ច្រមុះ និង​បំពង់ក​អស់​រយៈ​៤​ឆ្នាំ​ហើយ ទើប​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​បែប​នេះ តែបច្ចុប្បន្នជំងឺទាំងនេះ បានជាសះស្បើយវិញហើយ។

ប្រភពដដែលបានបន្តថា ទោះបីជាទីផ្សារក្នុងស្រុកបែបនេះក្តី តែលោកតែនៅមានទស្សនិកជនក្រៅប្រទេសជាច្រើនត្រូវការ ខណៈតារាចម្រៀង វ័យ៤៣ឆ្នាំរូបនេះ កំពុងត្រៀមខ្លួនចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី ​រយៈពេល​៣​ខែ ដោយនឹងចេញទៅ ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ​ ដើម្បីច្រៀង ឱ្យបងប្អូនខ្មែរនៅទីនោះ បាននាំលេងកំសាន្តសប្បាយ ជាមួយបទពីដើមៗ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ ការចេញទៅក្រៅប្រទេសលើកនេះ ខណៈដែល​ការងារ​សិល្បៈ​ក្នុងស្រុក​មិនសូវ​មានទីផ្សារ។

ទាក់ទងនឹងរឿងនេះ លោក ឈឿន ឧត្តម ធ្លាប់បានបង្ហើបប្រាប់អ្នកកាសែតថ្មីៗនេះថា ទោះបច្ចុប្បន្នហាក់ស្ងប់ស្ងាត់ក៏ពិតមែន តែលោកមិន​ត្រូវ​គេ​មើល​រំលង​ឡើយ ហើយក៏មិនទៅប្រកួត​ប្រជែងយកប្រជាប្រិយភាពជាមួយ សិល្បៈជំនាន់ក្រោយដែរ ​ព្រោះ​ធម្មតា​តែងតែមាន​រលក​មុន​រលក​ក្រោយ​។ លោកថា អ្វីដែលសំខាន់សម្រាប់លោក គឺការបើក​ចិត្ត​ចែករំលែក​ភាព​ជោគជ័យ​ចំពោះ​ការងារ និងជីវិតជាអ្នកសិល្បៈ ដល់មនុសុសក្រោយ​ៗ៕