(ភ្នំពេញ)៖ ទស្សនិកជន និងអ្នករស់ក្នុងរង្វង់សិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយប្រទះឃើញរូបភាពប៉ុន្មានសន្លឹក បង្ហាញពី​តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ ទាំងមិនទាន់​រៀបការតាមប្រពៃណីនៅឡើយ។ ទោះបីជាយ៉ាងណាក្តី តែគ្រប់គ្នា បានសម្តែងនូវការសា​ទរ និងរីករាយជាខ្លាំង ដែលតារាស្រីរូបនេះ សម្រាលកូនដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងកូន។

បើតាមប្រភពបានឲ្យដឹងថា តារាសម្តែង ឡោម លក្ខិណា មិនធ្លាប់បង្ហើបប្រាប់​ទស្សនិកជន ឬអ្នកសិល្បៈដូចគ្នា ឲ្យដឹងពីគម្រោងរៀបការនោះទេ គឺដឹងត្រឹមថា នាង មានគូសង្សាបណ្តូលចិត្តរួចហើយ ជាអ្នក​រាំច្រៀង​ឲ្យ​ផលិតកម្ម​រៃ​មាស ​តោ​មាស ​និង​ផលិតកម្ម​បុ​ប្ជា ​ឈ្មោះ​ ប៉ា ពិសិដ្ឋ​។ តារាប្រុសស្រីទាំងពីរ បានសាងជីវិតស្នេហាជាមួយគ្នា ដោយមិនទាន់គិតគូរពីរឿងរៀបការនោះទេ ដោយទុកពេលវេលារកលុយឲ្យបានច្រើន​ជាមុនសិន។ ប្រភពបន្តថា សម្រាប់ការមានបុត្រនេះ អ្នកទាំងពីរសម្រេចចិត្តយក ដោយក្តីរីករាយ និងមានការសាទរពីក្រុមគ្រួសារទៀតផង ដោយគិតថា​មិនចាំបាច់ទាល់ការរៀបការហើយ ទើបមានបុត្របាននោះទេ។

ពាក់ព័ន្ធនឹងការ លាតត្រដាងជីវិតឯកជន តាមរយៈការសម្រាលបានបុត្រាម្នាក់ បង្ហោះក្នុងបណ្តាញសង្គមឲ្យគ្រប់គ្នាបានដឹងនៅពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះស្ងាត់ៗមិនទាន់រៀបការ ស្រាប់សម្រាលបុត្រទៅវិញ។ ក្នុងនោះផងដែរ មហាជនសង្កេតឃើញថា ឡោម លក្ខិណា ទទួលបានភាពកក់ក្តៅ និងសុភមង្គលយ៉ាងខ្លាំង ពីក្រុមគ្រួសារ និងស្វាមី ដោយក្នុងនោះ ឃើញថា​ស្វាមីនិងនាង និយាយពាក្យថា «ប៉ាម៉ាក់» ពេញៗមាត់តែម្តង។

បន្ទាប់ពីគ្រប់គ្នាសម្តែងការភ្ញាក់ផ្អើល មហាជន និងអ្នកសិល្បៈ​សុទ្ធតែ​ជូនពរ​នាង​គ្រប់ៗ​គ្នា ឲ្យម្តាយ និងទារកទទួលបានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសាររហូត ហើយក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរ ថាតើ ឡោម លក្ខិណា គិតគូរៀបការនៅពេលណា?