(បរទេស)៖ ពិតជារឿងមួយធ្វើឱ្យទស្សនិកជន ដែលនិយមតាមដានកម្មវិធីលំដាប់ថ្នាក់ពិភពលោកនានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈក្នុងកម្មវិធី «Asia’s Got Talent» 2019 ត្រូវបានធ្វើឡើង យ៉ាងរលូន ដោយមានការចូលរួមពីសំណាក់ បេក្ខជនមកពីបណ្ដាប្រទេសជាច្រើន ស្ថិតក្នុងទ្វីបអាស៊ី។ អ្វីដែលពិសេសនោះ បេក្ខនារីមួយរូប ឈ្មោះថា Eleana Gabunada មានវ័យ ១០ឆ្នាំ មកពីប្រទេសហ្វីលីពីន បានធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកនឹកស្មានមិនដល់ ជាមួយនឹងសមត្ថភាពច្រៀងរបស់នាង ដោយអាចមកស្រាយចម្រៀងមួយបទដ៏ពិបាក បានយ៉ាងល្អ និងរលូន ជាមួយបច្ចេកទេសប្រើសំឡេងខ្ពស់ ដែលអាចធ្វើឱ្យគណៈកម្មការ ចុចប៊ូតុងមាសភ្លាមៗ ដោយមិនចាំបាច់គិតយូរ។

ជាក់ស្តែង តាមរយៈការបង្ហាញសមត្ថភាពក្នុងកម្មវិធី «Asia’s Got Talent» 2019 កុមារី Eleana Gabunada បានជ្រើសរើសចម្រៀងមួយបទមានចំណងជើងថា «Rain on My Parade» មកបកស្រាយ ជាមួយនឹងការប្រើប្រាស់បច្ចេកទេសសំលេងបានយ៉ាងល្អ ដែលធ្វើឱ្យទស្សនិកជន ទស្សនាផ្ទាល់ស្ទើរមិនដកដង្ហើមទៅហើយ។ មិនតែប៉ុណ្ណោះ កុមារីរូបនេះ ថែមទាំងមានកាយវិការយ៉ាងរស់រវើក ដែលធ្វើឱ្យគណៈកម្មការ​ មានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំងចំពោះរូបនាង ហើយទីបំផុត គណៈកម្មការ លោក Devid Hoster ក៏បានចុចប៊ូតុងមាសភ្លាមៗតែម្តង។

គួរបញ្ជាក់ថា ក្នុងកម្មវិធី «Asia’s Got Talent» 2019 មានការចូលរួមធ្វើជាគណៈកម្មការ ពីសំណាក់លោក DEVID HOSTER, លោក JAY PARK និងកញ្ញា ANGGUN។ បើងាកមកកុមារី Eleana វិញ ក៏ត្រូវបានគេដឹងថា នាងធ្លាប់ជា​អតីតបេក្ខភាពប្រលងក្នុងកម្មវិធី​ «The Voice Kids Philippine» រដូវកាលទី៣ ផងដែរ ដោយកាលណោះនាង ទទួលបានការគោះប៊ូតុងពីគណៈកម្មការចំនួន ៣រូប ប៉ុន្តែចុងក្រោយនាងមិនបានទទួលជយលាភីនោះទេ៕