(អាមេរិក)៖ បន្ទាប់ពីតារាចម្រៀងរ៉េបវ័យ ២៦ឆ្នាំ បានធ្វើការបដិសេធចំពោះពាក្យចចាមអារ៉ាមថា លោកមិនស្មោះត្រង់នឹង Kylie Jenner នោះ Travis Scott បានបង្ហាញភាពផ្អែមល្ហែមចំពោះមិត្តស្រី ក្នុងអំឡុងពេលចូលរួមការប្រគំតន្ត្រី Astroworld Tour នៅ Madison Square Garden ក្នុងទីក្រុងញូវយ៉ក។

អំឡុងពេលសម្តែង Travis Scott បានបញ្ចេញសារដ៏មានន័យទៅកាន់មិត្តស្រីរបស់ខ្លួន បន្ទាប់ពីនិយាយទៅកាន់អ្នកគាំទ្រថា «ខ្ញុំស្រលាញ់ទាំងអស់គ្នា N.Y.C.» បន្ទាប់មកបន្ថែមថា «ស្រឡាញ់អ្នក ប្រពន្ធសម្លាញ់» ដោយហៅឈ្មោះក្រៅ Jenner ទៀតផង។

នេះបញ្ជាក់ថា អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែម ទោះជាមិនទាន់រៀបការ ឬភ្ជាប់ពាក្យក៏ដោយ។ មិននិយាយអ្វីច្រើន​ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះ Travis Scott បង្ហើបសារមួយឲ្យគ្រប់គ្នាដឹងថា «ត្រូវចាំថាគិតពីគ្រួសាររបស់អ្នកជាមុន» ប្រាកដជាចង់សំដៅទៅលើរឿងនេះ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន TMZ បានចុះផ្សាយថា តារាចម្រៀងស្រីក្នុងគ្រួសារ Kardashians បានចោទប្រកាន់មិត្តប្រុសរបស់នាងថា បោកប្រាស់ ជាហេតុធ្វើឲ្យ Scott ត្រូវលុបចោលការសម្តែងនៅ Buffalo, New York ហើយពួកគេក៏មានជម្លោះនឹងគ្នា ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរមិនបានបែកបាក់គ្នាឡើយ៕